សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​ចាត់​ទុក​មូលធន​មនុស្ស ​ជា​មូល​ដ្ឋាន​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិលើ​គ្រប់​​វិស័យ

(​ភ្នំពេញ)៖ ​សម្តេចមហាបវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​គសបញ្ជាក់​ថា ​ប្រទេស​ជាតិ​មួយដែល​មានការ​អភិវឌ្ឍន៍​​លើ​គ្រប់​វិស័យ​ទៅ​បាន ដោយ​សារ​​មានការ​កសាង​មូលធន​មនុស្ស​ជា​មូលដ្ឋាន ។ ​ការ​ថ្លែង​របស់​សម្តេចធិ​បតីដូច្នេះ ​នៅ​ក្នុង​ឱកាស​ដែល​សម្តេច និង​លោក​ជំទាវបណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​អន្តេវាសិកដ្ឋាន «​តេ​ជោ​សន្តិភាព​» និង​​សមិទ្ធផល​នានា​ក្នុង​វត្ត​ស្វាយ​ពពែ ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានថ្លែងដោយ​សុទិដ្ឋិនិយម​ថា ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​មុនី​រាជា ជា​គ្រឹះស្ថាន​អប់រំ​មួយ ដែល​បាន​រួមចំណែក ដល់​ការ​បំពេញបេសកកម្ម​បណ្តុះ
បណ្តាល​សមណ​និស្សិត និស្សិត ឱ្យ​ក្លាយជា​មូលធន​បញ្ញា ប្រកបដោយ​គុណភាព សមត្ថភាព ឧត្តមភាព​សីល្ប​ធម៌ និង​មនសិការ​វិជ្ជាជីវៈ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ជាតិ​អន្តរជាតិ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ពង្រឹង​ធនធានមនុស្ស​ទាំង​គុណភាព និង​បរិមាណ ។

លើស​ពី​នេះ សម្តេច​ធិ​បតី ​ក៏​បាន​លើក​ឡើងដែរ​ថា​ តាម​ការ​សិក្សា​ស្រាវជ្រាវ ​ពី​សម័យ​កា​ល​មួយ​ទៅ​សម័យ​កា​ល​មួយ យើង​អាច​សន្និដ្ឋាន​ថា ប្រទេស​ជាតិ​មួយ ដែល​មានការ​អភិ​វ​ឌ្ឍ​ន៍​លើ​គ្រប់​វិស័យ​ទៅ​បាន​ ដោយសារ​មានការ​កសាង​មូលធន​មនុស្ស​ជា​មូល​ដ្ឋាន ។ កម្ពុជា​ជា​ប្រទេស​ដ៏​ចំណាស់​មួយ​មាន​វប្បធម៌​សំបូរ​បែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែក​លើ​មូលដ្ឋាន ព្រះពុទ្ធ​សាសនា ជា​ពិសេស​ វប្បធម៌​កត្តញ្ញូ មេត្តា​ ករុណា អហិង្សា​ជា​គោលការណ៍​សំខាន់ សម្រាប់​នៅ​ក្នុង​សង្គម​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ​ប្រសើរ ទាំង​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។

ក្នុង​ន័យ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានណែនាំ​ឱ្យ​សមណ​និស្សិត និង​និស្សិត ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ចំពោះ​ការ​សិក្សា ដើម្បី​ទទួល​បាន​ចំណេះដឹង​ច្បាស់លាស់ ទាំង​ផ្នែក​ពុទ្ធចក្រ និង​​អា​ណា​ចក្រទើប​អាច​អភិរក្ស និង​អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​គង់វង្ស និង​រីក​ចម្រើន​ទៅ​បាន​ ។

សម្តេចនាយករដ្ឋមន្ត្រី ​បាន​ស្នើ​សមណ​និស្សិត និង​និស្សិត ​ត្រូវ​ចាប់​យកចំណេះ​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់ ​ប្រសើរ​ជា​រៀន​ជំនា​ញ​​ច្រើន តែ​មិន​អាច​ធ្វើ​ការងារអ្វីកើត ​៕

អត្ថបទដែលជាប់ទាក់ទង