សមត្ថកិច្ចឃាត់ខ្លួនជាតិវៀតណាម២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដោយសហការជាមួយ កម្លាំងជំនាញស្នងការរាជធានីភ្នំពេញ និងមានការសម្របសម្រួល ផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ បង្កប់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងទីតាំងផ្ទះលេខ៧២ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិវៀតណាម២នាក់ ទី១៖ ឈ្មោះ PHAN THANH DAT និងទី២៖ ឈ្មោះ PHAN HUU KHANH និងបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រប្រភេទ All in one ចំនួន ៤គ្រឿង, Monitor ចំនួន ២០គ្រឿង និងម៉ាស៊ីន CPU ចំនួន៧គ្រឿង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ បុរសជនជាតិវៀតណាមទាំងពីរ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់ រួមមាន ការប្រព្រឹត្តល្បែងសុីសងខុសច្បាប់ (ហ្គេមអនឡាញ), ការក្លែងឯកសារសាធារណៈសម្រាប់បម្រើការឆបោកជនជាតិវៀតណាម និងការឆបោកក្រោមរូបភាពជា គម្រោងវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាម ទាំង២នាក់ ព្រមទាំងវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន ត្រូវបានប្រគល់ជូនស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

អត្ថបទដែលជាប់ទាក់ទង