នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះភាពជាអ្នកដឹកនាំ ដោយហៅសម្តេចថា «ស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឱ្យមានសន្តិភាព និងមានភាពរីកចម្រើន»
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ, លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) បានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលលោកបានហៅសម្តេចតេជោថា «ស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឱ្យមានសន្តិភាព និងមានភាពរីកចម្រើន»។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា, នៅក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ចំពោះលោកនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ បានចាត់ទុកវត្តមានលោកនាយករដ្ឋមន្ត្រី មកកាន់កម្ពុជា នាឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក បានសម្តែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសមនៅពេលនេះ។ លោកបានលើកឡើងថា កាលពីពេលដែលលោកនៅជានិស្សិត លោកបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឱ្យមានការរីកចម្រើន។
លោក បានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលលោកបានហៅសម្តេចតេជោថា «ស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឱ្យមានសន្តិភាព និងមានភាពរីកចម្រើន»។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក ដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច។ សម្តេចតេជោ ក៏បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិមករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។ សម្តេចតេជោ បានចែករំលែកជាច្រើនទៀតទាក់ទងទៅនឹងបទពិសោធន៍ទាំងអស់ ទាំងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានលើកឡើងអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដោយសម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវ ដែលបានកើតឡើងនាពេលកន្លងទៅនេះ។ សម្ដេចតេជោ បានបញ្ជាក់ជូនលោកនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់មួយដោយមានប្រសិទ្ធភាព និងការបញ្ចប់នូវវិបត្តិដើម្បីឈានទៅរកដំណោះស្រាយ និងទៅរកប្រក្រតីភាពឡើងវិញ ដូចប្រទេសទាំងពីរធ្លាប់មានពីមុនមក។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងកម្ពុជា និងកុំមិនវែលដូមីនីក។ សម្តេចតេជោ ក៏បានបញ្ជាក់ថា «ប្រទេសទាំងពីរត្រូវតែពង្រីកនូវចំណងមិត្តភាព តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។ ដើម្បីឱ្យទំនាក់ទំនងរដ្ឋក៏ដូចជាប្រជាជន នៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ភាគីទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយឱ្យមានភាពស្អិតរមួតនឹងគ្នា ដើម្បីជាកត្តាជំរុញដល់វិស័យផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែកនូវបទពិសោធន៍យ៉ាងពិស្តារ ជាពិសេសការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ប្រៀបដូចជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយ ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឱ្យពិភពលោកមានសុខសន្តិភាពផងដែរ។
លើសពីនេះ លោក បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើន ក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី។ សម្រាប់លោកផ្ទាល់ និងសហការី ពិតជាមានកិត្តិយសណាស់ ដែលពេលនេះបានស្ដាប់នូវការចែករំលែកបទពិសោធន៍របស់សម្តេចតេជោ ដែលប្រកបដោយគតិបណ្ឌិត និងជាមេរៀនដ៏សំខាន់ផងដែររ។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ, លោក បានបង្ហាញអំពីការគាំទ្រដោះស្រាយបញ្ហាដោយសន្តិវិធី ហើយសង្ឃឹមថាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ និងវិលមករកប្រក្រតីភាពឡើងវិញ។
ជាថ្មីម្ដងទៀត លោកក៏បានទទួលយកនូវសំណើរបស់សម្តេចតេជោ ក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងគណបក្សនៃប្រទេសទាំងពីរ ដែលលោកនឹងធ្វើកិច្ចការងារនេះ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាបន្តបន្ទាប់ទៀត៕