ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃ ជាមួយនឹងឱកាសការងារជាង ៥,៤០០កន្លែង

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដ៏ធំ ដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅអគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

ឯកឧត្ត ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារនេះ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។

ឯកឧត្ត ទុយ ស៊ីផាន់ ថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហគ្រាសចំនួន៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង៥,៤០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាស ជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈជាដើម»។

ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់បន្តចូលរួមសហការគ្នាឱ្យបានផុសផុល ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារ ការលើកកម្ពស់វិស័យឯកជន និងការជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មី។

លោក ជុំ បុរី សមាជិកគណៈអចិន្រ្តៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ និងជានាយកកម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពបានចំនួន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២២ កន្លងទៅនេះជាលើកទី៤ហើយ នៃការរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ក្រោមប្រធានបទ «ការត្រៀមខ្លួនសម្រាប់អាជីពនៅក្នុងសម័យកាលឌីជីថល» ចង់បង្ហាញឱ្យឃើញនូវចក្ខុវិស័យដ៏វែងឆ្ងាយ ការគិតគូរម៉ត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុវជន និងអនាគតយុវជន។

លោក ជុំ បុរី បានបន្ថែមថា «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មានទីផ្សារការងារ និងឱកាសការងារកាន់តែទូលំទូលាយ និងជាវេទិកានាំយុវជន សិស្ស និស្សិតឱ្យមកទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ អ្នកស្រាវជ្រាវ ធុរជន និងក្រុមហ៊ុននានា ដើម្បីរៀបចំខ្លួន និងកំណត់គោលដៅជីវិតការងារឱ្យបានសមស្របជាមួយសភាពការណ៍ប្រែប្រួលនៃទីផ្សារការងារ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

សូមជម្រាបដែរថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ៕

អត្ថបទដែលជាប់ទាក់ទង