ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ខួបទី៨០ នគរបាលជាតិ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
សារថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់របស់គ្រប់ភាគីពាក់ព័ន្ធក្នុងការចំណាយកម្លាំងកាយ ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុត ដើម្បីឱ្យការរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅដោយរលូន របៀបរៀបរយ និងទទួលបានជោគជ័យដ៏ត្រចះត្រចង់៕