ជាង៤ខែនេះ ថៃ មានអ្នកកើតជំងឺកូវីដជាង ៧ម៉ឺននាក់
អ្នកកើតជំងឺ COVID-19 នៅថៃ ចាប់ផ្ដើមកើនឡើងវិញ ដោយមានចំនួនអ្នកឆ្លងដល់ទៅ៧១០៦៧នាក់ និងស្លាប់១៩នាក់ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានជំងឺ COVID របស់រដ្ឋាភិបាលថៃ។
ខណ:ជំងឺ COVID ប្រភេទថ្មី បានវិវឌ្ឍន៍ និងកំពុងតែរីករាលដាលសារជាថ្មី ពលរដ្ឋថៃរាប់ម៉ឺននាក់ បាននឹងកំពុងឆ្លង និងស្លាប់។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានជំងឺកូវីដ របស់ថៃ មានពលរដ្ឋថៃ៧១០៦៧នាក់ បានឆ្លង និង១៩នាក់បានស្លាប់ដោយសារជំងឺកូវីដ ដោយរាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា។
ការកើនឡើងនៃចំនួនអ្នកឆ្លង គឺកើតមានខ្លាំងនៅអំឡុងពេលឈប់សម្រាកចូលឆ្នាំថ្មីក្នុងខែមេសា។ បើតាមទិន្នន័យពីការិយាល័យឱសថសាស្ត្រ វីរុសកូវីដប្រភេទ Omicron XEC បានបង្ហាញខ្លួន និងវាយលុកក្នុងសហគមន៍ចាប់ពីខែមករា ដល់ខែកុម្ភ:។
វីរុស XEC ជាប្រភេទវីរុសជំងឺកូវីដថ្មីដែលវិវត្តចេញពីប្រភេទ Omicron ដែលត្រូវបានរកឃើញដំបូងនៅអាល្លឺម៉ង់កាលពីខែមិថុនា ឆ្នាំ២០២៤។ XEC ជាវីរុសកូនកាត់នៃប្រភេទវីរុស២ទៀតគឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE) ដោយមានពហុប្រព័ន្ធផ្លាស់ប្ដូរ DNA ដែលធ្វើឱ្យវា មានសមត្ថភាពចម្លងលឿន។
របាយការណ៍ពីអាម៉េរិក អង់គ្លេស និងចិន បានបង្ហាញថា XEC មានសម្ថភាពចម្លងលឿនជាងប្រទេស វីរុស Omicron ផ្សេងទៀតដល់ទៅ៨៤ភាគរយទៅ១១០ភាគរយ។ ហេតុនេះហើយទើបធ្វើឱ្យតំបន់ខ្លះ មានការចម្លងកើនឡើងដល់១០ទៅ២០ភាគរយ។
បច្ចុប្បន្ន Omicron XEC ត្រូវបានរកឃើញនៅតាមប្រទេសយ៉ាងតិច១៥ នៅទ្វីបអឺរ៉ុប អាម៉េរិកខាងជើង និងអាស៊ី។ អាជ្ញាធរថៃ បានអំពាវនាវឱ្យពលរដ្ឋខ្លួនបន្តប្រុងប្រយ័ត្ន និងការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយតាមដានអាការ:ផ្ទាល់ខ្លួន ពាក់ម៉ាស លាងសម្អាតដៃ និងជៀសវាងកន្លែងមានមនុស្សច្រើនជាដើម។
ចំណែកវៀតណាមវិញ ហាក់មានកម្រិតនៃការឆ្លងវីរុសកូវីដទាប។ ចាប់តាំងពីដើមឆ្នាំ២០២៥ មកទល់ថ្ងៃទី១៤ ខែឧសភា វៀតណាម មានករណីឆ្លងត្រឹមតែ១៤៨ករណី នៅតាមបណ្ដាខេត្ត និងទីក្រុងចំនួន២៧ ប៉ុន្តែគ្មានអ្នកស្លាប់ទេ៕