បេក្ខជន ៤១នាក់បន្តទៅប្រឡើងលើវិញ្ញាសារសេរលើកទី២ នៃការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណរដ្ឋមន្រ្តី

(ភ្នំពេញ)៖ ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ រកឃើញអ្នកជាប់ ៤១នាក់ បន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភា ខាងមុខ ដែលនឹងជ្រើសរើសអ្នកជាប់ចុងក្រោយត្រឹម ១៥នាក់ប៉ុណ្ណោះ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធា​រណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំង​សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់​ព័ន្ធ​ទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចទទួលស្គាល់លើ​លទ្ធផល​បេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសា​សរ​សេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូល​បម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្រប​ខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។

ការប្រឡង​ប្រជែង​ជ្រើស​រើស​មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) កាលពីថ្ងៃទី១៨ខែឧសភា មានបេក្ខជនចូលរួមប្រឡងចំនួន ៥០៧​អង្គនាក់​និងមានបេក្ខជនដែលជា(ជនពិការចំនួន ៦រូប)​បានចូលរួម​ប្រឡងប្រជែង ក្នុងនោះមានបេក្ខជនពិការភ្នែកទាំងសងខាង (១រូប)​ក៏បានចូលរួមប្រឡងប្រជែងជា មួយ បេក្ខជនដទៃទៀត ប្រកបដោយ​បរិយាបន្ន។

សូមជម្រាបថា សម្រាប់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសា​សរសេរ​លើក​ទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងវិញ្ញាសា​សរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង