រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក នៃអង្គការសុខភាពពិភពលោក
(ស្វីស)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ដែលតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ដោយទទួលបានសិទ្ធប្រទានពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:៤០ នាទី នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ត្រូវនឹងម៉ោង ២១:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខរដ្ឋជាសមាជិកដែលមកពីគ្រប់បណ្តាប្រទេសលើសកលលោក ក្នុងនាមក្រសួងសុខាភិបាលកម្ពុជាឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកឡើងអំពីសមិទ្ធិផលធំៗដែលសុខាភិបាលកម្ពុជាសម្រេចបានថ្មីៗនេះបន្ថែមទៀត រួមទាំងផែនការអាទិភាពសុខាភិបាល ដែលដាក់ទិសដៅសំដៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage Roadmap, UHC) ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពបឋម (Primary Health Care Enhancement) សម្រាប់ប្រជាជនកម្ពុជា ពោលគឺ “មិនទុកចោលនរណាម្នាក់មិនទទួលបានការថែទាំសុខភាពនោះឡើយ”។
សូមជម្រាបជូនថា មហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក ចូលរួមពិនិត្យពិភាក្សា ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាជនជាសកល។ មហាសន្និបាតសុខភាព ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់សុខាភិបាល នៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក ផ្តោតលើរបៀបវារៈសុខភាព ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច ៕