សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែន ក្លាយទៅជាជម្លោះជាតិសាសន៍ សូមទុកឱ្យអ្នកជំនាញ និងរដ្ឋាភិបាល ជាអ្នកដោះស្រាយ
(រតនគិរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំឱ្យបញ្ហាព្រំដែន ក្លាយទៅជាជម្លោះជាតិសាសន៍ និងសូមទុកឱ្យអ្នកជំនាញព្រំដែន និងរដ្ឋាភិបាលជាអ្នកដោះស្រាយ ។ សម្ដេច បញ្ជាក់ថា នៅថៃ មានជនជ្រុលនិយម អំពាវនាវឱ្យចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុក និងឈប់លក់ទំនិញឱ្យខ្មែរ ប៉ុន្តែការអំពាវនាវរបស់ក្រុមជ្រុលនិយមនេះ មិនមានការធ្វើតាមនោះឡើយ ។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។
សម្តេចធិបតី បានបន្ថែមថា ពលរដ្ឋថៃ មិនមែនស្អប់ខ្មែរទាំងអស់នោះទេ ខណៈប្រជាជនថៃនៅបាងកក មានជាង ៥លាននាក់ បូករួមជាមួយប្រជាជនជុំវិញនោះជាច្រើនទៀត ប៉ុន្តែមានជនជ្រុលនិយមតែជាង ២០០នាក់ប៉ុណ្ណោះ ដែលបានធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរ នេះគឺជាចំនួនមួយតិចតួចប៉ុណ្ណោះ។ កម្ពុជា ធ្លាប់មានបទពិសោធន៍ខាតបង់ជុំវិញការបញ្ឆេះកំហឹងជាតិសាសន៍នេះរួចហើយកាលពីឆ្នាំ២០០១ កន្លងទៅ ដែលនាំឱ្យមានការដុតស្ថានទូតថៃប្រចាំនៅកម្ពុជានាពេលនោះ ដោយសារតែព័ត៌មានកន្លែងក្លាយ បង្កើតកំហឹងរវាងប្រជាជន និងប្រជាជន ។
ដូច្នេះហើយ សម្ដេចធិបតី សូមអំពាវនាវដោយទុកបញ្ហាព្រំដែន ឱ្យអ្នកជំនាញព្រំដែន និងរដ្ឋាភិបាលជាអ្នកដោះស្រាយ មិនអាចយកបញ្ហាជាតិនិយម មកដោះស្រាយបានឡើយ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា សូមជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ជាអ្នកដោះស្រាយនៅកន្លែងណាដែលកើតហេតុ ក្រៅពីហ្នឹង កុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិ និងជាតិ ព្រោះបើសិនជាជាតិ និងជាតិ គឺរាលពេញប្រទេសចាប់ខ្មែរបញ្ជូន ចាប់ថៃបញ្ជូនទៅវិញទៅ យើងរក្សាស្ថេរភាព រក្សាសាមគ្គីភាព មិត្តភាព រឿងវាកើតត្រូវដោះបញ្ចប់។ អ៊ីចឹងរឿងនេះ សូមឱ្យបងប្អូនរក្សាភាពនឹងន ជឿទុកចិត្តលើរាជរដ្ឋាភិបាល ការប្រើប្រាស់យន្តការបច្ចេកទេស យន្តការច្បាប់អន្តរជាតិ នឹងបើចាំបាច់ការពារបូរណភាពទឹកដី ប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីការពារដោះស្រាយបញ្ហា ការពារបូរណភាពទឹកដីរបស់យើង។ កុំបង្កើតជាជម្លោះតាមហ្វេសប៊ុក ឈានទៅដល់ការវាយគ្នា នៅថៃ មានអ្នកជ្រុលនិយម អ្នកជាតិនិយមប្រកាសឱ្យចាប់ខ្មែរបណ្ដេញចេញ មានហាងខ្លះគេដាក់ឈប់លក់ឱ្យខ្មែរ។ តែសួរថា មួយក្រុងបាងកកគ្រប់គ្នាតាមពួកគេទេ? អត់ទេ! អ៊ីចឹងអ្នកនោះនៅជាភាគតិច តែបើប្រជាជនខ្មែរ ប្រជាជនថៃ ចាប់ផ្ដើមជល់គ្នាទៅវិញទៅមក ឡងគ្នាទៅវិញទៅមក ទូទៅវាបង្កើតជារឿងផ្សេង អាហ្នឹងហើយជាបញ្ហា ។
យ៉ាងណាមិញ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅពេលនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចយកទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់បញ្ហាព្រំដែនរបស់វាងប្រទេសទាំង២ ហើយបើសិនជាតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រេចបែបណា កម្ពុជា នឹងទទួលយកលទ្ធផលនោះ ។ នេះគឺជាការបញ្ជាក់ជំហររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ៕