ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ បំបែកឯកទក្តកម្មអ្នកចូលរួម ខណៈមន្ដ្រីជំនាញ រំពឹងនឹងក្លាយជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១៣ ឆ្នាំ២០២៥ មានអត្តពលិកជាតិ-អន្ដរជាតិជាង ៥ពាន់នាក់។ ចំនួនអ្នកចូលរួមនេះ បានបំបែកកំណត់ត្រាឆ្នាំកន្លងទៅ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គណៈកម្មការរៀបចំបានទទួលអ្នកចូលរួមរត់សរុបចំនួន ៥០១០នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៤៣៥៩នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៦៥១នាក់ មកពី ៤២ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ចិន, ជប៉ុន, បារំាង, ហ្វីលីពីន និងម៉ាឡេស៊ី ។ ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់អត្តពលិកជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះ។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា ចំនួនអ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ គឺបានបំបែកកំណត់ត្រាឆ្នាំមុនៗ ដែលបង្ហាញឲ្យឃើញពីការចូលរួមកាន់តែល្អប្រសើរ និងបញ្ជាក់ពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះសុខភាព ដែលបានពីការលេងកីឡា។
ឯកឧត្តម បានរំលេចទៀតថា ដំណើរការរៀបចំ ក៏បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យអត្តពលិកជាតិ-អន្ដរជាតិ រត់ដោយភាពកក់ក្ដៅ និងបញ្ចប់ទីជាមួយស្នាមញញឹម និងអនុស្សាវរីយ៍ល្អ ដែលជាបំនិនជីវិតមួយដ៏ល្អក្នុងការរស់នៅរបស់ខ្លួនផងដែរ។ សកម្មភាពនៃការចូលរួមរត់ប្រណាំងនេះ បង្ហាញធ្វើឲ្យឃើញថា សុខភាពរបស់ប្រជាពលរដ្ឋ ទាំងផ្លូវកាយនិងផ្លូវចិត្ត គឺកាន់តែល្អប្រសើរ កាត់បន្ថយនូវសេវាចំណាយទៅលើសុខភាពសាធារណៈច្រើន ដោយផ្អែកទៅលើសន្ទុះនៃការចូលរួមនេះ។ ជាមួយគ្នា យើងក៏សូមថ្លែងអំណរគុណ គឺប្រជាពលរដ្ឋ ទាំងក្មេង ទាំងចាស់ ដែលតែងគាំទ្រចលនារត់ដើម្បីសុខភាព រត់ដើម្បីទទួលបាននូវបំនិនជីវិតល្អក្នុងការរស់នៅរបស់ខ្លួន ។ នេះគឺជាអ្វីដែលយើងខ្ញុំខិតខំប្រឹងប្រែងធ្វើ ហើយនៅតែបន្ដធ្វើឲ្យកាន់តែល្អទៀត។
ឯកឧត្តម សង្ឃឹមជឿជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិរបស់យើងនេះ នឹងក្លាយទៅជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ យើងនឹងធ្វើឲ្យព្រឹត្តិការណ៍នេះ ទៅថ្ងៃក្រោយទៀត មានអ្នករត់លើសពី ១ម៉ឺននាក់ឡើង ដូចបណ្ដាទីក្រុងធំលើពិភពលោក ដែលគេធ្វើ ដូចជាប៉ារីសម៉ារ៉ាតុង ញូយ៉កម៉ារ៉ាតុង និងប្រទេសធំៗផ្សេងទៀត ៕