សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអរគុណសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរ ដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២០មិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំព្រះករុណា សូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា ។

សម្ដេចសូមអរគុណនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចិត្តសប្បុរសសម្រាប់លោកឪស៊ុច និងសង្ឃឹមថា នាយករដ្ឋមន្ត្រី នឹងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុចផងដែរ ដើម្បីព្រះអង្គបំពេញកាងារក្នុងជាជនជាតិខ្មែរ ។

សម្ដេចតេជោសង្ឃឹមថា រឿងលោកឪស៊ុច មិនបង្កការរំខានដល់ទំនាក់ទំនងកម្ពុជា-ថៃ ឬថា ជាការលូកដៃចូលកិច្ចផ្ទៃក្នុងរបស់ថៃនោះទេ ព្រោះកម្ពុជា ក៏មិនអនុញ្ញាតឲ្យលោកឪស៊ុច កសាងកម្លាំងប្រឆាំងជាមួយថៃនោះដែរ ។

សម្ដេចតេជោ បញ្ជាក់ថា ម្យ៉ាងទៀត រឿងលោកឪស៊ុច ក៏មិនមែនជារឿងថ្មីនោះដែរ ព្រោះខ្លួនខ្ញុំ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី ថាក់សុីន និងអតីតនាយករដ្ឋមន្ត្រី យ៉ីងឡាក់ ដែលជាឪពុកបង្កើត ម្តាយមីងបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នផងដែរ ។

សម្ដេចថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ យើងមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអុីន និងស្វាមី បានមកទទួលទានអាហារនៅផ្ទះខ្ញុំ ។

សម្ដេចតេជោ បន្ថែមថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់ខ្ញុំ បានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយ ខ្ញុំដាក់ឈ្មោះថា បន្ទប់ ថាក់សុីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំ រវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជា ថា គ្មានវិជ្ជាជីវៈ ៕

អត្ថបទដែលជាប់ទាក់ទង