ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ការចូលរួមផ្តល់អំណោយពីមូលនិធិគីណាល់ ពីសប្បុរសជន និងបណ្តាក្រុមហ៊ុននានា គឺជាការចូលរួមគាំទ្រ ការពង្រឹងខឿនការពារជាតិ ក្នុងស្មារតីរួបរួមខ្មែរតែមួយ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ការចូលរួមឧបត្តម្ភគាំទ្រ ជាសម្ភារៈ ថវិកា ស្បៀងអាហារ ថ្នាំពេទ្យ ពីបណ្តាសប្បុរសជន និងក្រុមហ៊ុននានាក្នុងវិស័យឯកជន សម្រាប់ចែកជូនដល់កងទ័ពជួរមុខ គឺជាការផ្សារភ្ជាប់រវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលអំណោយថ្នាំពេទ្យពី មូលនិធិគីណាល់ យកមកប្រគល់ជូនដោយ លោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថ ប៉េប៉េអឹម ជាតំណាងឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។

អំណោយរបស់មូលនិធិគីណាល់ ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះមាន ឱសថប៉េប៉េអឹម និងប៉េប៉េអឹមត្រេត ចំនួនប្រាំពីរមុខរួមមាន ឱសថ KINAL សម្រាប់បំបាត់ការឈឺចុកចាប់, RHINEX ថ្នាំបំបាត់ផ្តាសាយ , CALSEPTINE ថ្នាំបៀមបំបាត់ការឈឺក , CALTOU ថ្នាំបំបាត់ក្អកស្ងួត, DIARYL ថ្នាំបំបាត់ការរាករូស, B-VIT FORT ជាបណ្តុំវីតាមីន B1 B6 B12,
និងVITASCORBOLBOOST ជាវីតាមីនជំនួយកម្លាំង សរុបចំនួន ៣៣៩១ ប្រអប់/ដប ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការអរគុណដល់មូលនិធិគីណាល់ ដែលបានផ្តល់ថ្នាំពេទ្យដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅផ្តល់ជូនកងទ័ពនៅជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ។

លោក តិច ស៊ីម៉ូ តំណាងមូលនិធិគីណាល់ និងសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានគូសបញ្ជាក់ថា ការផ្តល់នូវថ្នាំពេទ្យព្យាបាលជំងឺជូនទៅបងៗកងទព័នៅតំបន់ជួរមុខ គឺជាការចូលរួមចំណែកគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ពដែលកំពុងឈរនៅជើងនៅជួរមុខតំបន់ប្រាសាទព្រះវិហារ ពិសេសបង្ហាញពីការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតី លះបង់ របស់កងទ័ពប្រកបដោយឆន្ទៈមោះមុត បំផុត ក្នុងកិច្ចការពារជាតិ មាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕

អត្ថបទដែលជាប់ទាក់ទង