ផ្ទុះ​គ្រា.ប់​បែ.ក​កក្រើក​ថៃ​ភាគខាង​ត្បូង​បណ្ដាល​ឱ្យ​រ.បួ.ស​យ៉ាង​តិច​៧​នាក់

ទី​ក្រុង​បាងកក​៖ ប្រទេស​ថៃ​កំពុង​តែ​មាន​ប្រផ្នូល​មិន​​ល្អ​។​ នៅ​ពេល​មាន​ចលនា​បាតុ​កម្ម​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​​ក៏​​​មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​កក្រើក​ថៃ​ភាគ​ខាង​ត្បូង​។ កាសែត​បាង​កក​ប៉ុស្តិ៍​ចុះ​ផ្សាយ​ថា​មនុស្ស​៧​នាក់​រង​របួស​ ក្នុ​ងនោះ​៥​នាក់​ជា​អ្នក​លក់​ដូរ និង​២​នាក់​ជា​នគរ​បាល​ដោយ​សារ​​ការ​ផ្ទុះ​គ្រាប់​បែក​៣​គ្រាប់​នៅ​ឯ​ទី​កន្លែង​​​តាំង​​ពិព័រណ៍​​នៃ​​ស្រុក​មឿង​ ខេត្ត​ប៉ាតានី​ (Pattani) កាល​ពី​ពេលជិត​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​​។

នគរ​បាល​ និង​ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​-​ជាតិ​ផ្ទុះ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដែល​ស្ថិត​នៅ​​ទល់​មុខ​កន្លែង​តាំង​ពិព័រណ៍​វប្ប​ធម៌ និង​ផលិត​ផល​ក្នុង​ស្រុក​នៅ​លើ​ដង​វិថី​សួន​សម្ដេច​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ឧត្ដម​សេនីយ៍​​ចេ​ហ្វ៊ី សៃ​មណៈ​គុល (Jeffey Saimanakul) អធិការ​នគរ​បាល​ស្រុក​មឿង​។ លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​សូម​ធ្វើ​អន្តរា​គមន៍​នៅ​ម៉ោង​៥:​៣ ០​ព្រឹក​។​​

នគរ​បាល​ស្រាវ​ជ្រាវ​ឃើញ​ថា​គ្រាប់​បែក​ទី​១​ផ្ទុះ​នៅ​ម៉ោង​៤:៤៤​ព្រឹក​នៅ​ខាង​ក្នុង​ប៉ុស្តិ៍​យាម​នៃ​ច្រក​ចេញ​ចូល​មន្ទីរ​ទេស​ចរណ៍ និង​កីឡា​ខេត្ត​ប៉ាតានី​ បណ្ដាល​ឱ្យ​ខូច​ខាត​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ កន្លង​ផុត​ទៅ​មិន​យូរ​ប៉ុន្មាន​ គ្រាប់​បែក​ទី​២ និង​ទី​៣​​ក៏​ផ្ទុះ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​ចម្ងាយ​៤​រយ​ម៉ែត្រ​​ពី​​គ្រាប់​បែក​ទី​១​។ គ្រឿង​ផ្ទុះទាំង​នេះ​ត្រូវ​គេ​បង្កប់​ទុក​នៅ​ក្នុង​បង្គោល​ភ្លើង​ក្បែរ​ស្តង់​លក់​ឥវ៉ាន់​ដែល​គេ​ធ្វើ​នៅតាម​មាត់​ផ្លូវ​ចម្ងាយ​១​រយ​ម៉ែត្រ​ពី​ច្រក​ចូល​កន្លែង​តាំង​ពិព័រណ៍​។

ហេតុ​ការណ៍​​នេះ​បណ្ដាល​ឱ្យ​ដួល​បង្គោល​ភ្លើង​២​។ គេ​ឃើញ​ស្នាម​ហូរ​ឈាម​​សស្រាក់​របស់​​ជន​រង​គ្រោះ​​​ស្រោច​ពេញ​ផ្លូវ​។ គេ​បាន​បញ្ជូន​អ្នក​ទាំង​៧​ទៅ​មន្ទីរ​​ពេទ្យ​​ខេត្ត​ប៉ាតានី​។ នៅ​ពេល​នេះ ពួកគេ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ហើយ​។ សាក្សី​និយាយ​ថា​នៅ​ពេល​​ផ្ទុះគ្រាប់​បែក​ទាំង​នោះ​​ អ្នក​លក់​ឥវ៉ាន់​នៅ​តាម​ស្តង់​នី​មួយ​ៗ​កំពុង​គេង​លង់​លក់​​យ៉ាង​ស្កប់​ស្កល់​នៅ​​ក្នុង​ដំណេក​។ អ្នក​ខ្លះ​សម្រាក​លំហែ​កាយ​យក​កម្លាំង​នៅ​ក្នុង​តូប​​ ប៉ុន្តែ​មិន​បាន​គេង​លក់​ទេ​។

លទ្ធផល​ស៊ើប​អង្កេត​បង្ហាញ​ថា​គ្រាប់​បែក​ទី​១​ផ្ទុះ​នៅ​ម៉ោង​៤:៤៤​​, គ្រាប់បែក​ទី​២​ផ្ទុះ​នៅ​ម៉ោង​៥:១៩​ និង​គ្រាប់​បែក​ទី​៣​ផ្ទុះ​នៅ​ម៉ោង​៥:៣០​ទៀប​ភ្លឺ​។ សមត្ថ​កិច្ច​​​រក​ឃើញ​តាម​កាមេរ៉ា​សុវត្ថិ​ភាព​ថា​ជន​សង្ស័យ​យ៉ាង​តិច​៥​ទៅ​១០​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​នេះ​។ ពួក​គេ​ចែក​ជាពីរ​ក្រុម​​។ ក្រុម​ទី១​​​ផ្លោះ​របង​​​ចូល​ទៅ​ក្នុង​បរិវេណ​នោះ​ក្រោយ​ពេល​រំលង​អធ្រាត្រ និង​បង្កប់​គ្រាប់​បែក​កែ​ច្នៃ​នៅ​ក្នុង​ប៉ុស្តិ៍​យាម​។ ចំណែក​​ក្រុម​ទី​២​បង្កប់​គ្រាប់​បែក​២​គ្រាប់​នៅ​ក្នុង​បង្គោល​ភ្លើង​។ រួច​ហើយ​ពួក​គេ​ក៏​រត់​គេច​ខ្លួន​បាត់​ស្រមោល​៕​

អត្ថបទដែលជាប់ទាក់ទង