រដ្ឋមន្ត្រីមហាផ្ទៃ ៖ ការស្តារនីតិសម្បទា អ្នកមានគ្រឿង ញៀន ឬបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាស ដល់អ្នកញៀន គ្រឿងញៀន បានកែខ្លួនវិលត្រឡប់ មកធ្វើជាពលរដ្ឋល្អ
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទា អ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាស ដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់ មកធ្វើជាប្រជាពលរដ្ឋល្អ។
បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ការស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រ លើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុក ជាកម្មសិទ្ធិផ្ដាច់មុខ របស់អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។
ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាម លោក ឧបនាយករដ្ឋមន្ត្រី ពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការការចូលរួម ពីវិស័យឯកជន តាមរយៈការវិនិយោគបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទា។ លោក បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ តាមរយៈការដាក់ចេញនូវនយោបាយនិងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជាការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សំភារៈគាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់មកពីវិស័យឯកជន។
ទន្ទឹមគ្នានិងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដ្បិតបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល និងជាបញ្ហាដែលរីកសាយភាយមកកម្ពុជា ពីបណ្ដាប្រទេសខាងក្រៅ។ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស លោក បានលើកឡើងពីភាពចាំបាច់ នៃកាក់អនុវត្តច្បាប់ ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្តពាក្យ ស្លោក ៣កុំ ១រាយការណ៍ ព្រមទាំងការគាំទ្រដល់ការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។
ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែង បន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការជា មួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយភ្ជាប់ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើលាងសម្អាតប្រាក់ និងអំពើជួញដូរអាវុធមហាប្រល័យទៀតផង។
ជាលទ្ធផល លោកឧបនាយករដ្ឋមន្ត្រី បានលើកយកករណីដែលកម្លាំង មានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការ ដោយរួមបញ្ចូលការប្រើសត្វសុនខដើម្បីបង្ក្រាបគ្រឿងញៀន ជាច្រើនរយគីឡូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ ការប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះ សុទ្ធតែជាការរួមចំណែកដើម្បីសុខកុមាលភាពមនុស្សជាតិលើពិភពលោក៕