អាជីវករខ្មែរលក់ដូរនៅផ្សារឡុងគឿថៃមួយចំនួន ត្រៀមខ្លួនត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ អាជីវករខ្មែរមួយចំនួន ដែលប្រកបអាជីវកម្មនៅផ្សារឡុងគឿ ឬរុងក្លឿ បានត្រៀមខ្លួនត្រឡប់មកកម្ពុជាវិញ ក្រោយអាជ្ញាធរថៃប្រកាសឱ្យជនជាតិខ្មែរចាកចេញ។ បើតាមអាជីវកម្មខ្មែរ អាជ្ញាធរនឹងបើកច្រកឱ្យពួកគេចាកចេញមកកម្ពុជាចន្លោះម៉ោង៥ល្ងាច ដល់ ៨យប់ ថ្ងៃទី២៤ ខែមិថុនានេះ។
លោក អាំង សា អាជីវករខ្មែរលក់សម្លៀកបំពាក់លើទឹកដីថៃ ក្នុងផ្សារឡុងគឿ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកនិងគ្រួសារបានត្រៀមខ្លួនត្រឡប់មកកម្ពុជាវិញ នៅពេលអាជ្ញាធរថៃបើកច្រកព្រំដែនចន្លោះម៉ោង៥-៨ល្ងាចនេះ។
បើតាមលោក អាំង សា ការចាកចេញចោលអាជីវកម្មត្រឡប់មកទឹកដីកំណើតវិញនេះ គឺដើម្បីរក្សាសុវត្ថិភាពក្នុងស្ថានការណ៍ដ៏តានតឹងរវាងកម្ពុជានិងថៃ។ ចំណែកឯទំនិញលក់ ដូចជាខោអាវ និងរបស់ផ្សេងៗ លោក អាំង សា ថាបន្តរក្សាទុកនៅទីតាំងផ្សារឡុងគឿ ខណៈមិនអាចដឹកចេញមកជាមួយបានឡើយ។
អាជីវករវ័យ៣៩ឆ្នាំរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «យើងនៅអាចប្រឈមមុខច្រើន ខ្លាចគេធ្វើបាប។ បើសិនជាប៉ូលិសគេចុះមកគេសួរនាំ រកលុយ។ ធម្មតាអាចនៅហ៊ានលក់ដូរ អត់បារម្ភពីអ្វីទេ។ […]។បើសិនជានៅយូរយើងអាចនឹងខុសច្បាប់ ផុតកំណត់គេឱ្យយើងចេញ យើងមិនចេញអ៊ីចឹង»។
យ៉ាងណា លោក អាំង សា ថានឹងបន្តតាមដានព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែននេះ។
អាជីវករលក់ស្បែកជើងក្នុងផ្សារឡុងគឿម្នាក់ទៀត អ្នកស្រី សំ ស្រីរ័ត្ន ក៏បានត្រៀមរៀបចំចេញពីទឹកដីថៃ ត្រឡប់មកកម្ពុជាផងដែរ។ បច្ចុប្បន្នទាំងគ្រួសារអ្នកស្រី សំ ស្រីរ័ត្ន និងអាជីវករខ្មែរមួយចំនួនទៀត ដែលរកស៊ីនៅផ្សារឡុងគឿ បានត្រៀមខ្លួនរួចរាល់ និងរង់ចាំអាជ្ញាធរថៃបើកច្រកព្រំដែនប៉ុណ្ណោះ។ «សម្រាប់បងប្អូនខ្មែរយើងនៅផ្សារឡុងគឿ នៅស្ងប់ស្ងាត់ធម្មតា ប៉ុន្តែគ្រប់គ្នាត្រៀមចេញពីផ្សារថៃទៅវិញ រង់ចាំខាងច្រកថៃគេបើឱ្យយើងចេញ»។ នេះជាការលើកឡើងរបស់អ្នកស្រី សំ ស្រីរ័ត្ន។
កន្លងមក បើទោះមានបញ្ហារវាងកម្ពុជា និងថៃ អាជីវករខ្មែរ ប្រកបរបរលក់ដូរនៅផ្សារ ឡុងគឿ នៅបន្តអាជីវកម្មធម្មតាស្ថានភាពស្ងប់ស្ងាត់ជាងមុន។
យ៉ាងណាស្ថានការណ៍កាន់តែក្ដៅ ធ្វើឱ្យអាជីវករខ្មែរ មិនអាចបន្តអាជីវកម្មខ្លួនលើទឹកដីថៃ ហើយបង្ខំចិត្ត ត្រឡប់មកទឹកដីកំណើតវិញ ដើម្បីសុវត្ថិភាព។ អ្នកស្រី សំ ស្រីរ័ត្ន បញ្ជាក់ថា សម្រាប់ទំនិញលក់ដូរទាំងអស់ អ្នកស្រីត្រូវទុកនៅកន្លែងលក់នៅផ្សារថៃ ហើយត្រឡប់មកកម្ពុជាតែខ្លួនប៉ុណ្ណោះ៕