កសិករ រក្សាជំហរមិនដំឡើងថ្លៃ «បន្លែ» តែបារម្ភឈ្មួញកណ្ដាលឆ្លៀតឱកាស

ភ្នំពេញ៖ ក្នុងពេលកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើទាំងស្រុងពីប្រទេស​ថៃ សហគមន៍កសិកម្មមួយចំនួនបានប្រកាន់ជំហរមិនដំឡើងថ្លៃ «បន្លែ» នោះទេ។ ទន្ទឹមនឹងការប្ដេជ្ញាចិត្តនេះ បណ្ដាសហគមន៍ ក៏បង្ហាញការព្រួយបារម្ភចំពោះឈ្មួញកណ្ដាលថា អាចឆ្លៀតឱកាសលក់ឡើងថ្លៃ ធ្វើឱ្យប៉ះពាល់អ្នកបរិភោគ។

លោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២០ ខែមិថុនាថា ក្រោយកម្ពុជាបិទការនាំចូលបន្លែពីប្រទេសថៃ ប៉ុន្មានថ្ងៃមកនេះ ការចែកចាយបន្លែសហគមន៍របស់លោក ទៅកាន់ទីក្រុងភ្នំពេញ និងបណ្ដាខេត្តផ្សេងទៀត មិនទាន់មានកំណើននៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រធានសហគមន៍រូបនេះ គាំទ្រចំពោះចំណាត់ការបិទរបស់រដ្ឋាភិបាល ដោយលើកហេតុផលថា កម្ពុជាមានលទ្ធភាពផលិតបន្លែគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្លួន ហើយបន្លែនាំចូលមួយចំនួនធំ ក៏មិនអាចជំនួសបន្លែក្នុងស្រុកបាននោះដែរ ផ្ទុយទៅវិញនៅពេលមានការនាំចូលច្រើន វាបានបង្កប៉ះពាល់ផ្នែកទីផ្សារលក់ដូររបស់កសិករខ្មែរ។

«ខ្ញុំគាំទ្រ១០០ភាគរយ ចំពោះការបិទនេះ ព្រោះថា បន្លែនាំចូលវាអត់មានអីជំនួសបន្លែក្នុងស្រុកយើងទេ ផ្ទុយទៅវិញនៅពេលនាំចូលច្រើនពេក វាមានតែធ្វើឱ្យបន្លែយើងបិទខ្ទប់ទីផ្សារ។ បានន័យថា ស្ទើរតែគ្រប់ប្រភេទបន្លែនាំចូល គឺបន្លែក្នុងស្រុកយើងមានទាំងអស់។ ចំពោះបន្លែដែលយើងមិនមាន គឺភាគតិចណាស់ ដូច្នេះ ខ្ញុំគិតគ្មានបញ្ហាចោទនោះទេ ផ្ទុយទៅវិញ គឺល្អសម្រាប់យើង»។ លោក តេន ទុំ អះអាងបែបនេះ។

បច្ចុប្បន្ន សហគមន៍កសិកម្មបៃតងគោក មានសមាជិកជាង១០០គ្រួសារ ដែលភាគច្រើនដាំ ខ្ទឹមស្លឹក សណ្ដែកគួ ត្រប់ និងតាសក់។ សហគមន៍មកពីខេត្តត្បូងឃ្មុំនេះ អាចប្រមូលផលបន្លែចន្លោះពី ៥ទៅ ៦តោន ជាមធ្យមក្នុងមួយថ្ងៃ។ ក្នុងបិរបទ បិទការនាំចេញពីប្រទេសថៃនេះដែរ លោក តេន ទុំ បានប្រកាសជំហរមិនដំឡើងថ្លៃបន្លែនោះទេ ប៉ុន្តែ លោក បារម្ភថាមានឈ្មួញខិលខូចមួយចំនួនឆ្លៀតឱកាសលក់ឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋដែលជាអ្នកបរិភោគ។

លោក បន្ថែមដូច្នេះថា៖«ខ្ញុំនៅតែប្រកាន់ជំហរមួយថា​ នៅតំបន់ខ្ញុំ ខ្ញុំអត់ចង់ឡើងថ្លៃគំហុកតាមឈ្មួញ ឬតាមម្រូវការទីផ្សារនោះទេ។ យើងចង់ធ្វើម៉េចលក់ក្នុងតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកហូប គឺបរិភោគដោយស្នាមញញឹម ហើយអ្នកដាំក៏មានកម្លាំងចិត្តក្នុងការផលិត។ ក្នុងរឿងនេះ តាងនាមខ្ញុំជាប្រធានសហគមន៍ ខ្ញុំសូមស្នើឱ្យឈ្មួញព្យាយាមលក់ក្នុងតម្លៃសមរម្យមួយ កុំឡើងថ្លៃលើសលប់ពេក»។

អ្នកស្រី ថៃ សូដា អនុ​ប្រធានសហគមន៍កសិកម្មចំការសុវត្ថិភាព ​ស្រុកសូទ្រ​និគម ​ខេត្ត​សៀមរាប ក៏បង្ហាញការគាំទ្ររដ្ឋាភិបាលចំពោះចំណាត់ការបិទបន្លែពីថៃនេះដែរ។ បើតាមអ្នកស្រី ក្រោយបិទមួយសប្ដាហ៍មកនេះ ការលក់បន្លែរបស់សហគមន៍មានការកើនឡើងប្រមាណ២០ភាគរយ។ សម្រាប់តម្លៃវិញ មានការកើនឡើងបន្តិចបន្តួច ប៉ុន្តែ សហគមន៍នឹងព្យាយាមរក្សាតម្លៃឱ្យនៅថេរ។

បច្ចុប្បន្ន ពលរដ្ឋកាន់តែច្រើនចាប់ផ្ដើមងាកមកគាំទ្រផលិតផលក្នុងស្រុក។ ស្របពេលជាមួយគ្នានេះ អ្នកស្រី ថៃ សូដា ក៏សង្កេតឃើញថា​ មានឈ្មួញកណ្ដាលខិលខូចមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញជាបន្តបន្ទាប់ ជាពិសេស បន្លែតែម្ដង។

អនុ​ប្រធានសហគមន៍កសិកម្មចំការសុវត្ថិភាព​ស្រុកសូទ្រ​និគមរូបនេះ យល់ថា ការដំឡើងថ្លៃក្នុងគ្រាលំបាកនេះ គឺជាការសម្លាប់អ្នកបរិភោគ និងកេងចំណេញលើកសិករដែលជាអ្នកផលិត។ ចំពោះមុខ លោកស្រី សូដា ណែនាំឱ្យឈ្មួញ ក៏ដូចជាកសិករ បង្ហាញភាពស្មោះត្រង់ និងផ្ដល់ទំនុកចិត្តដល់អតិថិជន ដើម្បីក្រសោបទីផ្សារថ្មី ជាងលក់ដំឡើងតម្លៃតែមួយពេល។

លោកស្រី បន្ថែមដូច្នេះថា៖«ការផ្គត់ផ្គង់ទៅទីផ្សាររបស់សហគមន៍យើងមានការកើនឡើង ប៉ុន្តែ ខ្ញុំសង្កេតឃើញថា មានជនឆ្លៀតឱកាសយកស្ថានការណ៍ពេលនេះ ទៅដំឡើងថ្លៃ។ ដូច្នេះ វាហាក់បីដូចជាពួកគាត់ សម្លាប់អ្នកបរិភោគ។ ដូច្នេះ សូមអំពាវនាវឈ្មួញ និងប្រជាកសិករត្រូវគិតអ្វីដែលជាថ្លៃដើមផលិត កុំគិតទៅលើឱកាសនៃការបង្កើតទីផ្សាររបស់យើង ធ្វើឱ្យតម្លៃកើនឡើង»។

សមាជិក​គណៈកម្មាធិការ​សហគមន៍​កសិកម្ម​តាសី​សាមគ្គី​ខេត្ត​បាត់ដំបង លោក សោម ចន្ថា បានឱ្យដឹងដែរថា បច្ចុប្បន្ន ការលក់បន្លែរបស់សហគមន៍លោក មានការកើនឡើងបន្តិចបន្តួច។ ជាក់ស្ដែង កាលពីមិនទាន់បិទបន្លែពីថៃ សហគមន៍អាចលក់បានចន្លោះពី៥០០គីឡូក្រាម ទៅ១តោនប៉ុណ្ណោះ ប៉ុន្តែ សព្វថ្ងៃ បានកើនឡើងចន្លោះពី១ទៅ២តោន ក្នុងមួយថ្ងៃ។

ទោះបីមានកំណើនលក់ ប៉ុន្តែ លោក សោម ចន្ថា បានអះអាងថា សហគមន៍កសិកម្ម​តាសី​សាមគ្គី​ មិនបានដំឡើងថ្លៃបន្លែនោះទេ។ ចំពោះមុខ លោក បារម្ភតែឈ្មួញកណ្ដាលឆ្លៀតឱកាសដំឡើងថ្លៃប៉ុណ្ណោះ។ លោក បន្ថែមដូច្នេះថា៖«ខ្ញុំចង់អំពាវនាវដល់ឈ្មួញកុំឱ្យឡើងថ្លៃ ​ព្រោះសហគមន៍ដែលលក់ទៅនេះ អត់បានឡើងថ្លៃទេ»។

គួររំឭកថា ជម្លោះព្រំដែនរវាងកម្ពុជា-ថែ បានកើតឡើងជាថ្មីចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក ដែលធ្វើឱ្យទាហានខ្មែរម្នាក់បានបាត់បង់ជីវិតនៅលើទឹកដីខ្លួន។ ជម្លោះនេះ ក៏បានរីករាលដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដោយកម្ពុជាត្រូវបង្ខំចិត្តបិទការនាំចូលបន្លែ និងផ្លែឈើទាំងស្រុងពីប្រទេស​ថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា​ មក បន្ទាប់ពីរងការគំរាមគំហែងជាបន្តបន្ទាប់ពីសំណាកយោធាប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង