សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការនាយករដ្ឋមន្ត្រីសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការ ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ ចំពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។ កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតលើកដំបូង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ ក្រោមការដឹកនាំរបស់សម្តេចព្រះបរមកោដ នរោត្តម សីហនុ ពោល គឺ ១ថ្ងៃ បន្ទាប់ពីដែនដីកោះនេះ បានប្រកាសឯករាជ្យរបស់ខ្លួន ហើយកម្ពុជា គឺជាក្រុមប្រទេសដំបូងគេ ដែលទទួលស្គាល់ សិង្ហបុរី ជារដ្ឋអធិបតេយ្យផ្លូវការ ។
គួរឱ្យដឹងថា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ។
ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) មិនត្រឹមតែជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសង្ហបុរីនោះទេ បច្ចុប្បន្ននេះលោកក៏ជាសមាជិកសភា, ជាអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GIC ផងដែរ ។
បទពិសោធន៍ការងាររបស់ឯកឧត្តម ឡរ៉េន វ៉ុង ដោយនៅថ្ងៃទី២៣ ឧសភា ២០២៥ ឯកឧត្តម ឡរ៉េន វ៉ុង ស្បថចូលកាន់តំណែងនាយករដ្ឋមន្តី – ថ្ងៃទី០៣ ឧសភា ២០២៥៖ ដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ឆ្នាំ២០២៥ – ថ្ងៃទី១៥ ឧសភា ២០២៤ ត្រូវបានតែងតាំងជានាយករដ្ឋមន្តី – ខែមិថុនា ២០២២-ខែឧសភា ២០២៖ ឧបនាយករដ្ឋមន្តី – ខែកក្កដា ២០២០-ខែឧសភា ២០២១៖ រដ្ឋមន្ត្រីក្រសួងអប់រំ – ខែសីហា ២០១៦-ខែឧសភា ២០២១៖ រដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ – ខែតុលា ២០១៥-ខែកក្កដា ២០២០៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ – ខែឧសភា ២០១៤-ខែកញ្ញា ២០១៥៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង រដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាន – ខែវិច្ឆិកា ២០១២-ខែមេសា ២០១៤៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង Senior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន – ខែសីហា ២០១២-ខែតុលា ២០១២៖ Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈ និង Senior Minister of State ក្រសួងអប់រំ – ខែឧសភា ២០១១-ខែកក្កដា ២០១២៖ Minister of State ក្រសួងការពារជាតិ និង Minister of State ក្រសួងអប់រំ ៕