ឯកឧត្តម ឃួង ស្រេង ៖ ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់
(ភ្នំពេញ)៖ ប្រធានភូមិ បើចង់បម្រើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផង ថាតើ យើងទៅបំរើពួកគាត់យ៉ាងម៉េចកើត។ បន្ថែមពីនេះប្រធានភូមិ និងលោកចៅសង្កាត់ត្រូវពិនិត្យជាប្រចាំ និងមានវិធានការ ចំពោះឡានដឹកខ្សាច់ ដឹកដី។ យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវត្រូវតែលាងសំអាតសងវិញ។
ការលើកឡើងខាងលើរបស់ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឡើង នាវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃទី១៦ កក្កដាខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី៣ ដោយមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិង លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៩ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការកសាង លូ ប្រឡាយមេ រំដោះទឹកនិងផ្លូវជាដើម។ បន្ថែមពីនេះ ប្រធានភូមិនិងលោកចៅសង្កាត់ ក៏បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា ។ ហើយបានប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្សឱ្យបានសម្រេចទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង ថ្លែងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះ សមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូតក្នុងការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ចតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កូនកើតមកមានប្រាក់ខែដែលនេះជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្សសង្កាត់ ដែលបានរួមចំណែក ដែលធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីទទួលបានជ័យជំនៈ ជាបន្តបន្ទាប់ ៕