ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥នេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការទាមទារឲ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្ត របស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។ នេះបើយោងតាមមាត្រា ១២៦, មាត្រា ២៦០ និងមាត្រា ៣៦៩ នៃច្បាប់ស្តីពីការងារ, និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ ស្តីពី ការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

សេចក្ដីជូនដំណឹង បានគូសបញ្ជាក់ថា «អធិការការងារ នឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា»។

បន្ថែមលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់កម្មករ-និយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹងអំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្តឹងមកក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះជនល្មើស៕

អត្ថបទដែលជាប់ទាក់ទង