អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំGBCព្រមព្រៀងគ្នារក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទី ហួសពីទីតាំងដែលខ្លួនបានឈរជើងឡើយ
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី បានព្រមព្រៀងគ្នាលើលក្ខខណ្ឌដោយ រក្សាកងកម្លាំងរបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទី ហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង ២៤,០០ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ ។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ចំពោះលទ្ធផលការព្រៀងព្រៀងនេះដែរ គឺ ភាគីទាំងពីរត្រូវតែចៀសវាងដាច់ខាតរាល់ការបាញ់គ្នា ដោយគ្មានមូលហេតុច្បាស់លាស់លើទីតាំងឬកងទ័ពភាគីម្ខាងទៀត។ ហើយភាគីទាំងពីរមិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។
អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងបញ្ជាក់បន្ថែមថា ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់ជាអវិជមានដល់កិច្ចខិតខំប្រឹងប្រែងយៈពេលវែងក្នុងការដោះស្រាយជម្លោះ ។ ជាមួយគ្នានេះភាគីទាំងពីរឯកភាពគ្នាថា មិនគួរសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬទីតាំងការពារខ្លួនលើសពីផ្នែកខ្លួនឯងឡើយ ៕