អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល៧ប្រទេស ទៅឧត្តរមានជ័យ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា អះអាងថា នៅថ្ងៃនេះ លោក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ចំនួន៧ប្រទេស ទៅខេត្តឧត្តរមានជ័យ។

ការចុះអង្កេតរបស់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ធ្វើឡើងស្របតាមខ្លឹមសារ ដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧សីហា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញពីសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាល ដែលបានចូលរួមចំនួន៧ប្រទេស មានអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន), អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា, អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា, អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ, ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា, ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា និងជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា។ ពួកគេ នៅព្រឹកថ្ងៃទី៨សីហានេះ កំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី៧សីហា កម្ពុជា-ថៃ យល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ភាគីទាំងពីរ បានឯកភាពគោរពច្បាប់មនុស្សធម៌អន្តរជាតិ លើការថែទាំទាហាន ដែលត្រូវបានចាប់ខ្លួន។ កម្ពុជា និងថៃ ក៏ឯកភាពគ្នា ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយអារម្មណ៍អវិជ្ជមានក្នុងចំណោមសាធារណជន និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធី។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង