អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ៣ចំណុចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។

ជំហរយ៉ាងម៉ឺងម៉ាត់៣ចំណុចនោះរួមមាន៖

ទី១៖ ក្នុងនាមប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។

ទី២៖ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលដែលបានឯកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននោះឡើយ។

ទី៣៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ»៕

អត្ថបទដែលជាប់ទាក់ទង