អគ្គស្នងការរងនគរបាលជាតិ ណែនាំមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបគ្រឿងញៀនឆ្លងកាត់ព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

(ភំ្នពេញ)៖ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររដ្ឋបាល និងបច្ចេកទេសប្រចាំខែកញ្ញា និងផ្សព្វផ្សាយទិសដៅការងារអនុវត្ត បន្តខែតុលា ឆ្នាំ២០២៥ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងនូវការកោតសរសើរដល់មន្រ្តីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន អនុវត្តតាមគោលការណ៍ ​តាមបញ្ជាថ្នាក់ដឹកនាំបានយ៉ាងខ្ចាប់ខ្ជួន និងគោរពតាមវិន័យនគរបាលជាតិកម្ពុជា។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ថ្នាក់ដឹកនាំការិយាល័យទាំង១១ និងមន្រ្តីគ្រប់ជំនាញ ដែលបានរួមគ្នាសហការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

លោកអគ្គស្នងការរង បានណែនាំដល់មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ពិសេសជាមួយប្រទេសជិតខាង ដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបគ្រឿងញៀនឆ្លងកាត់ព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង