ប្រទេសចិនបានដាក់​ឲ្យ​ដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួនឈ្មោះ Fujian ចូលទៅក្នុងសេវាកម្មកងទ័ពជើងទឹកសកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃសុក្រទី​៧​ខែ​វិច្ឆិកា​ថា ប្រទេសចិនបានដាក់​ឲ្យ​ដំណើរការជាផ្លូវការនូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួនឈ្មោះ Fujian ចូលទៅក្នុងសេវាកម្មកងទ័ពជើងទឹកសកម្ម ដែលជាជំហានដ៏សំខាន់ និង​គួរ​ឲ្យ​កត់​សម្គាល់​មួយនៅក្នុង​ការជំរុញ​របស់លោកប្រធានាធិបតី ស៊ី ជីនពីង ដើម្បីធ្វើទំនើបកម្មយោធារបស់ប្រទេស។

ពិធីសម្ពោធ​​ដែល​មាន​ការ​ចូល​រួម​ដោយ​លោកស៊ី បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​នៅ​កំពង់​ផែ​ទ័ព​ជើង​ទឹក ​ក្នុង​​ខេត្ត Hainan​។ បុគ្គលិកជាង២០០០​នាក់មកពីកងនាវាចរ និងអង្គភាពសាងសង់នាវា​ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលសារព័ត៍មាន​ក្នុង​ស្រុក​ស៊ីនហួបានពិពណ៌នាថា«អស្ចារ្យ និងគួរ​ឲ្យ​រំភើប»។

ទូរទស្សន៍ CCTV បាន​ផ្សាយ​ថា លោកស៊ី បានឡើង​លើ​នាវា​ Fujian បន្ទាប់ពីពិធីត្រួតពិនិត្យប្រព័ន្ធ និងបានចុះហត្ថលេខាលើសៀវភៅកំណត់ហេតុរបស់​នាវា​ដោយផ្ទាល់។ Fujian បំពាក់នូវប្រព័ន្ធបាញ់បង្ហោះយន្តហោះអេឡិចត្រូម៉ាញេទិក (EMALS) ដែលជា​បច្ចេកវិទ្យាមាន​ប្រើ​តែ​មួយ​គត់​ដោយ​នាវា USS Gerald R. Ford របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអនុញ្ញាត​ឲ្យ​យន្តហោះហោះឡើងជាមួយនឹងបន្ទុកធ្ងន់ និងប្រេងឥន្ធនៈកាន់តែច្រើន។

បន្ទាប់ពីការសាកល្បងលើសមុទ្រជាច្រើនខែ នាវា Fujian បានចូលរួមជាមួយនាវាផ្ទុកយន្តហោះ​២​គ្រឿង​ផ្សេងទៀតរបស់ចិនគឺ Liaoning (ដែល​​បម្រើការ​ក្នុងឆ្នាំ​២០១២) និង Shandong (ឆ្នាំ២០១៩)។ ក្រុមអ្នកវិភាគបាននិយាយថា នាវាថ្មីនេះតំណាង​ឲ្យ​ការលោតផ្លោះនៃសមត្ថភាព ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុង​សមុទ្រចិនខាងត្បូង និងជុំវិញ​កោះតៃវ៉ាន់។

នៅក្នុងខែកញ្ញា នាវា Fujian បានធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រតៃវ៉ាន់​ជាលើកដំបូង ដោយធ្វើ«បេសកកម្មស្រាវជ្រាវ និងបណ្តុះបណ្តាលវិទ្យាសាស្ត្រ» ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្រសួងការពារជាតិរបស់ជប៉ុន និង តៃវ៉ាន់។

ខណៈពេលដែលប្រទេសចិននៅតែតាមពីក្រោយ​សហរដ្ឋអាមេរិកដែល​កំពុង​ប្រតិបត្តិការនាវាផ្ទុកយន្តហោះចំនួន១១​គ្រឿង​នោះ ការបង្កើតកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ខ្លួនបានធ្វើ​ឲ្យ​មានការព្រួយបារម្ភនៅក្នុងតំបន់អាស៊ីបូព៌ា ទោះបីជាទីក្រុងប៉េកាំងទទូចថា ចេតនារបស់ខ្លួនមានសន្តិភាពក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង