កម្ពុជាប្រារព្ធខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក្រោមរាជាធិបតីភាពព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប
ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានស្តេចយាងជាព្រះរាជធិបតីក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-២០២៥ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ។
ព្រះករុណា ព្រះបាទ នរោត្ដម សីហមុនី ទ្រង់យាងអុជទៀនជ័យនៅវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងការដង្ហែអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នជាតិជាអាទិ៍ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សជាច្រើន។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺជាខួបអនុស្សាវរីយ៍លើកទី ៧២ ឆ្នាំ (១៩៥៣-២០២៥) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនចេញពីនឹមអាណានិគមបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបាទ នរោត្តម សីហនុ៕
