ជនបរទេសម្នាក់ មកកម្ពុជាដោយក្ដីអស់សង្ឃឹម និងដើម្បីបញ្ចប់ជីវិតខ្លួនឯងចោល ប៉ុន្ដែពេលបានមករស់នៅកម្ពុជា ធ្វើឱ្យជីវិតស្ងប់សុខ បង្កើតបានជីវិតស្រស់បំពងថ្មីលើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចែករំលែករឿងរ៉ាវជីវិតរបស់ជនបរទេសម្នាក់ ឈ្មោះ Bong Ah Run ដែលបានមករស់នៅកម្ពុជា។

បើតាមលោករដ្ឋមន្ត្រី, ជនបរទេសម្នាក់នេះ បានមកប្រទេសកម្ពុជាដោយក្ដីអស់សង្ឃឹម និងចង់បោះបង់ជីវិតខ្លួនឯងចោល ប៉ុន្ដែនៅពេលដែលបានមករស់នៅកម្ពុជា ធ្វើឱ្យលោកភ្លឺភ្នែក ជាប់ចិត្ត និងផ្ដល់ជីវិតថ្មីលើដែនដីកម្ពុជា។

លោករដ្ឋមន្ត្រីទេសចរណ៍ បានដកស្រង់សំដីផ្ទាល់របស់ Bong Ah Run ដែលនិយាយថា «ពួកគេមិនព្រមឱ្យខ្ញុំចុះចាញ់! ខ្ញុំមិនបានមកប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតនោះទេ ខ្ញុំបានមកទីនេះដើម្បីបញ្ចប់ជីវិត។ ប៉ុន្ដែកន្លែងនេះ មិនព្រមឱ្យខ្ញុំធ្លាក់ខ្លួនក្នុងសភាពនោះទេ អំពើល្អរបស់ប្រជាជនកម្ពុជា ជាសន្ដិភាពស្ងប់សុខរបស់ខ្ញុំនៅទីនេះ ធ្វើឱ្យខ្ញុំជាប់ចិត្ត ហើយបានព្យាបាល និងកសាងខ្ញុំឡើងវិញនៅផ្ទះ (ស្រុកកំណើត) ប្រកបដោយសុវត្ថិភាព គឺត្រឹមជាក្ដីសុបិនប៉ុណ្ណោះ។ ប៉ុន្តែនៅទីនេះ (កម្ពុជា) វាជាការពិត វាជាស្នាមញញឹម ចង្វាក់បេះដូង ភាពលំឱន កម្ពុជាមិនត្រឹមតែបានផ្ដល់ជីវិតមកខ្ញុំម្ដងទៀតនោះទេ កម្ពុជាផ្ដល់ផ្ទះមកខ្ញុំ»

ចំពោះករណីជនបរទេសរូបនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា «នេះបានបញ្ជាក់ឱ្យឃើញពីឥទ្ធិពលនៃភាពវិជ្ជមានរបស់ប្រទេសកម្ពុជា យើងមានសន្ដិភាព ប្រជាជនស្លូតត្រង់ វប្បធម៌អស្ចារ្យ និងស្នាមញញឹម ដែលតែងតែធ្វើឱ្យទេសចរណ៍ ដែលមកលេងហើយគឺជាប់ចិត្ត សូមចែករំលែកសារមួយនេះទៅកាន់ពិភពលោក»

អត្ថបទដែលជាប់ទាក់ទង