ព័ត៌មានជាតិ កម្ពុជា និងបារាំង នឹងបន្តកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ
ក្នុងដំណើរមកកាន់កម្ពុជា លោកឧត្តមនាវីទោ ហ្សាក់ រីខែយែរ ទទួលបន្ទុកបេសកកម្មអមបញ្ជាការដ្ឋានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ប៉ូលីនេស៊ីបារាំង បានចូលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរ បញ្ជាក់ថា កម្ពុជា និងបារាំង នឹងបន្តកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះកងទ័ពបារាំង ដែលបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមកម្ពុជាលើវគ្គសិក្សាជាច្រើន ជាពិសេសការជួយបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទសម្រាប់បេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។
លោកអគ្គមេបញ្ជាការ រំពឹងថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ផ្លាស់ប្តូរព័ត៌មាន ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា និងបន្តកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ហ្សាក់ រីខែយែរ (Jacques RIVIERE) បានថ្លែងអំណរគុណចំពោះលោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានធ្វើការកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ហើយតាមរយៈការលើកឡើងនេះ លោកឯកភាពថា បារាំង និងកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត៕
