ចំនួនអ្នកស្លាប់​ដោយសារព្យុះទីហ្វុង Fung-wong ​ឥឡូវ​នេះ​បានកើនឡើងដល់​១៨នាក់ហើយ

បុគ្គលិកជួយសង្គ្រោះក្នុងប្រទេសហ្វីលីពីន បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅ​ថ្ងៃអង្គារ​ទី​១១​ខែ​វិច្ឆិកា​នេះ​ ដើម្បីសម្អាតផ្លូវ និងកម្ទេចកម្ទីដែលបន្សល់ទុកដោយព្យុះទីហ្វុង Fung-wong ខណៈដែលទឹកបានស្រកចុះបង្ហាញពីការខូចខាតយ៉ាងដំណំ ហើយចំនួនអ្នកស្លាប់​ដោយសារព្យុះ​ឥឡូវ​នេះ​បានកើនឡើងដល់​១៨នាក់ហើយ។

ព្យុះទីហ្វុងដែលបានបង្ខំ​ពលរដ្ឋ​ហ្វីលីពីន​១,៤​លាននាក់​ឲ្យ​ភៀសខ្លួនចេញពីផ្ទះ​សម្បែង​របស់ពួកគេ កំពុង​រំកិល​ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ជាកន្លែងដែលអាជ្ញាធរបានជម្លៀសអ្នកស្រុកជាង​៣០០០​នាក់ និងបានចេញសេចក្ដី​ព្រមាន ​នៅមុន​​ពេល​ព្យុះ​ទៅ​ដល់​នា​ថ្ងៃពុធស្អែក។

វាគឺជាព្យុះទីហ្វុងធំទីពីរដែលបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់​២៣២​នាក់។

អ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើ​ឲ្យ​ព្យុះស៊ីក្លូនត្រូពិចកាន់តែបំផ្លិចបំផ្លាញ ដែលជំរុញដោយ​កត្តា​មនុស្ស ជា​ហេតុ​ធ្វើ​ឲ្យ​មហាសមុទ្រកាន់តែក្តៅ និងភ្លៀង​​កាន់តែ​ធ្លាក់​​​ខ្លាំង។

សូម​ជម្រាប​ថា ហ្វីលីពីនប្រឈមមុខនឹង​ព្យុះទីហ្វុង និងខ្យល់ព្យុះ​ជាមធ្យម​ចំនួន​២០​ក្នុងមួយឆ្នាំៗ រួមជាមួយនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដែលធ្វើ​ឲ្យ​វាក្លាយជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង