សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានបញ្ជូនដល់ដៃរបស់រដ្ឋសភា ហើយត្រូវបានប្រគល់បន្តឱ្យទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា
សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានបញ្ជូនដល់ដៃរបស់រដ្ឋសភា ហើយត្រូវបានប្រគល់បន្តឱ្យទៅគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា។ ការសម្រេចនេះធ្វើឡើងដោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។
បើតាមរដ្ឋសភា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹកនេះ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយប្រគល់ឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
គួរឱ្យដឹងថា សេចក្ដីស្នើវិសោធនកម្មច្បាប់ខាងលើ គឺជាការស្នើឡើងដោយក្រុមសមាជិកព្រឹទ្ធសភា ក្រោមគំនិតផ្ដួចផ្ដើមពីប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតសម្រាប់ព្រឹទ្ធសភាឱ្យមានទម្រង់ដូចទៅប្រព័ន្ធបោះឆ្នោតរដ្ឋសភា។ ដូចប្រព័ន្ធបោះឆ្នោតរដ្ឋសភា គឺព្រឹទ្ធសភានឹងដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាការបោះឆ្នោតសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។
អនុប្រធានទី២ព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា និងជាប្រធានគណៈកម្មការពិសេសរៀបចំតាក់តែងសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានេះ ធ្លាប់បានគូសបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ នឹងជួយឱ្យសមាជិកព្រឹទ្ធសភា បំពេញតួនាទីកាន់តែមានប្រសិទ្ធភាព និងមានគណនេយ្យភាពខ្ពស់ជាមួយអង្គបោះឆ្នោត និងពលរដ្ឋនៅតាមមូលដ្ឋាន៕
