តំណាងរាស្ត្រខេត្តបន្ទាយមានជ័យទាំង៦រូបបានបង្ហាញក្ដីព្រួយបារម្ភចំពោះសុវត្ថិភាពរបសពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ
តំណាងរាស្ត្រខេត្តបន្ទាយមានជ័យទាំង៦រូបបានបង្ហាញក្ដីព្រួយបារម្ភចំពោះសុវត្ថិភាពរបសពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃបន្ទាប់ពីកើតមានករណីទាហានថៃបានបំពានផ្លូវភេទលើពលការិនីខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។ តំណាងរាស្ត្របានលើកឡើងថា សកម្មភាពរបស់ថៃនៅពេលនេះគឺជាការរើសអើង គំរាមកំហែង មកលើជនស៊ីវិល។
ក្នុងញាត្តិថ្កោលទោសថ្ងៃទី១៩ ខែវិច្ឆិកា អ្នកតំណាងរាស្ត្រទាំង៦រូបដែលមានលោក កែ គឹមយ៉ាន លោក គោស៊ុំ សារឿត លោក អី ឡុង លោកស្រី នួម សុភ័ណ លោក សេរី កុសល និងលោក ខេង ស៊ុម បានចាត់ទុកទង្វើហិង្សារបស់ទាហានថៃលើពលការិនី និងពលករចំណាកស្រុកខ្មែរគឺជា សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌។
ក្នុងញាត្តិនោះលើកឡើងថា៖ «សកម្មភាពព្រៃផ្សៃ និងអមនុស្សធម៌នេះគឺជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្រ្តី ច្បាប់មនុស្សធម៌អន្តរជាតិ អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី ធម្មនុញ្ញ និងលិខិតតុបករណ៍អាស៊ាន និងច្បាប់អន្តរជាតិនានា»។
តំណាងរាស្ត្រទាំង៦រូបបានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិផងដែរនោះឱ្យចាត់វិធានការច្បាស់លាស់និងបន្ទាប់ដើម្បីផ្ដល់យុត្តិធម៌ដល់នារីរងគ្រោះ និងបញ្ឈប់អំពើហិង្សាកុំឱ្យកើតឡើងជាថ្មីទៀត។
ដោយឡែកក្នុងញាត្តិថ្កោលទោសមួយផ្សេងទៀត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានថ្កោលទោសការបាញ់ប្រហារពីកងទ័ពថៃលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរដោយបានថ្កោលទោស និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះសកម្មភាពរំលោភបំពានដោយកំរោលនេះ។
ក្នុងញាត្តិនោះសរសេរថា៖ «សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់រាល់អរិភាព ដែលគំរាមកំហែងដល់សន្ដិភាព និងស្ថិរភាពតំបន់ និងងាកមកគោរពសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាព និងកាតាព្វកិច្ចក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់និងដោយឆន្ទៈពិតប្រាកដ»។
គួរជាការកត់សម្គាល់បន្ទាប់ពីថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីចុងខែកក្កដា មកសកម្មភាពយោធាថៃបានបង្វែរមកបំពានបំពានលើជនស៊ីវិលកម្ពុជាវិញដោយមានការចូលមករាយបន្លាលួស ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង បំផ្លាញផ្ទះសំបែងរបស់ពលរដ្ឋខ្មែរ និងឈានដល់ប្រើប្រាស់អំពើហិង្សា រួមទាំងការបាញ់សម្លាប់នៅថ្ងៃទី១២ ខែវិច្ឆិកា ខណៈទាហានថៃបានប្រើប្រាស់ហិង្សាលើពលករខ្មែរដែលវិលត្រលប់មកខ្មែរវិញ ដោយប្លន់យកទ្រព្យសម្បត្តិ និងចាប់រំលោភលើស្ត្រីជាពលករថែមទៀត។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទាមទារឱ្យថៃទទួលខុសត្រូវចំពោះសកម្មភាពបំពានលើជនស៊ីវិលទាំងនេះ និងឱ្យយកជនល្មើសមកដាក់ទោសឱ្យបាន ដោយបានលើកឡើងថា ប្រសិនជាថៃមិនផ្ដល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ គឺបង្ហាញថាថៃជាប្រទេសដែលគ្មានច្បាប់ទម្លាប់ និងជាប្រទេសការពារឧក្រិដ្ឋជន៕
