លោក សៅ សុខា បង្កើតក្រុមការងារចំពោះកិច្ច ស៊ើបអង្កេតលើមេអាវុធហត្ថខេត្តក្រចេះ

ភ្នំពេញ៖ លោក សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បាន​បង្កើតក្រុម​ការ​ងារ​ចំ​ពោះ​កិច្ច ដើម្បីស៊ើបអង្កេតការងាររបស់លោក សាក់ សារ៉ាង មេបញ្ជាការកងរាជ​អាវុធ​ហត្ថខេត្តក្រចេះ ក្រោយមានការផ្សព្វផ្សាយថា មេអាវុធហត្ថរូបនេះ មានជាប់ជំពាក់នឹង​រឿងពុករលួយ ។

ក្រុម​ការងារចំពោះ​កិច្ច ដែលបង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ មានសមាសភាព​៨រូប ក្នុង​​នោះ មានលោក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា​ប្រធាន និងលោក គង់ សត្ថារិន ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជាអនុប្រធាន។

បើតាមលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារចំពោះ​កិច្ច​នេះ មានភារកិច្ចត្រួតពិនិត្យនូវសកម្មភាព មិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ច របស់​​​មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្នុងសេចក្ដីសម្រេចបង្កើត​ក្រុមការងារ​ចំពោះកិច្ចនេះ លោក សៅ សុខា បានសង្កត់ធ្ងន់ថា៖ «ក្រុមការងារ មានសិទ្ធិជួបពិភាក្សា ជា​មួយ​អាជ្ញាធរ ស្ថាប័ន និងអង្គភាព ដែលមានការពាក់ព័ន្ធ និងចេញលិខិតអញ្ជើញនាយទា​ហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអ្នកដែលមានការ​ពាក់ព័ន្ធមកសាកសួរ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្ដែង»។

បន្ទាប់ពីស៊ើបអង្កេតហើយ ក្រុមការងារខាងលើ នឹងធ្វើរបាយការណ៍ពីលទ្ធផល ទៅមេ​បញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យនិងសម្រេច។

ការសម្រេចបង្កើតក្រុមការងារចំពោះកិច្ច តាមដានការងាររបស់មេអាវុធហត្ថខេត្តក្រចេះ ធ្វើ​ឡើងបន្ទាប់ពីលោក សាក់ សារ៉ាង ឃាត់​លោក តាន់ គឹមសួរ សួរនាំ ខណៈពេលលោក តាន់ គឹមសួរ ចុះសង្កេតឃើញមានបទល្មើសព្រៃឈើកើតមានឡើង ក្នុងខេត្តក្រចេះ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ ក្រោយកើតហេតុ ភ្លាមៗនោះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ទទួលបានព័ត៌មានពីលោក តាន់ គឹមសួរ ហើយក៏ចេញអន្តរាគមន៍ ឱ្យកម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស ចុះទៅសហការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ​នៅតំបន់ក្រចេះ​នោះ​។ កិច្ចការអន្តរាគមន៍នេះ ធ្វើឡើងតាមការណែនាំរបស់ លោក សៅ សុខា។

នៅថ្ងៃនេះ លោក តាន់ គឹមសួរ បង្ហាញថាកាលពីអំឡុងខែឧសភា លោកបានប្តឹង លោក សាក់ រ៉ាង ទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដោយសង្ស័យមេអាវុធហត្ថខេត្តក្រចេះ ​ ជាប់​ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ពិសេសគប់គិតជាមួយឈ្មួញឈើ។ លោក តាន់ គឹមសួរ ក៏អះអាងពីភ័ស្តុតាងដែលខ្លួនមានផងដែរ មុនសម្រេចចិត្តដាក់បណ្តឹងទៅ ACU។

ជុំវិញសំណុំរឿងនេះ ACU មិនអាចផ្ដល់ព័ត៌មានលម្អិតពីដំណើរការស៊ើបអង្កេតបានឡើយ ព្រោះ​កំពុងស្ថិតក្នុងនីតិវិធី។ នេះបើតាម ការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ ACU ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ៕

អត្ថបទដែលជាប់ទាក់ទង