ឥណ្ឌូណេស៊ី បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក ​ស្ដីពីការបើកផ្លូវអនុញ្ញាតឱ្យអាមេរិកចូលវិនិយោគលើរ៉ែសំខាន់ រួមទាំងរ៉ែកម្រ

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹងកាលពីថ្ងៃសុក្រថា មូលនិធិវិនិយោគ​រដ្ឋ Danantara របស់ឥណ្ឌូណេស៊ី បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក ​ស្ដីពីការបើកផ្លូវអនុញ្ញាតឱ្យអាមេរិកចូលវិនិយោគលើរ៉ែសំខាន់ រួមទាំងរ៉ែកម្រ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara។

កិច្ចចរចានេះ កំពុងដំណើរការ​អមគ្នា​ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់​ឥណ្ឌូណេស៊ី ​ដែលចង់បាន​ការលើកលែងពន្ធបដិការរបស់អាមេរិក សម្រាប់ទំនិញ​ធម្មជាតិមួយចំនួន។

លោក Hartarto បាននិយាយថា Danantara កំពុង​ចរចាក្រោមយុទ្ធសាស្រ្ត«អាជីវកម្មទៅអាជីវកម្ម» ​ដោយ​សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឥណ្ឌូណេស៊ី និងក្រុមហ៊ុនអាមេរិក ដែលកំពុងស្វែងរកការវិនិយោគក្នុងវិស័យរ៉ែសំខាន់ៗរបស់ប្រទេស។

​យ៉ាងណាមិញ លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានចូលរួមជាយូរមកហើយ​ក្នុងវិស័យរ៉ែរបស់ប្រទេសឥណ្ឌូណេស៊ី ដោយចង្អុលបង្ហាញពីប្រតិបត្តិការទង់ដែងរបស់ក្រុមហ៊ុន Freeport-McMoRan ចាប់តាំងពីឆ្នាំ ១៩៦៧ និងការផលិតនីកែលរបស់ក្រុមហ៊ុន Vale Indonesia ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។

លោក Hartarto បានកត់សម្គាល់ថា វិស័យរ៉ែដ៏កម្ររបស់​ឥណ្ឌូណេស៊ីនៅតែកំពុងអភិវឌ្ឍ ហើយភាគច្រើនជាផលិតផលរងរបស់ក្រុមហ៊ុនរុករករ៉ែសំណប៉ាហាំងរដ្ឋ Timah​។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកចង់​ចូលវិនិយោគធនធានរ៉ែសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីគាំទ្រដល់ឧស្សាហកម្មដូចជា យានយន្ត អាកាសចរណ៍ និងការពារជាតិ។

គួរគូសបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ថា ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក មាន​ភាពរកាំរកូសជាមួយ​គ្នាលើបញ្ហារ៉ែកម្រ ដែលធ្វើឱ្យប៉ះពាល់ដល់​ការចរចាពាណិជ្ជកម្មពាក់ព័ន្ធនឹងពន្ធគយបដិការរវាងប្រទេសទាំង២។ ប៉ុន្តែមន្រ្តីឥណ្ឌូណេស៊ីបាន​ច្រានចោលការណ៍នេះ ដោយ​និយាយថា ការចរចាផ្សេងៗនៅតែបន្ត៕

 

អត្ថបទដែលជាប់ទាក់ទង