កិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ បានឯកភាពគ្នាលើ៥ទិដ្ឋភាពជាសំខាន់ៗ
សារព័ត៌មានស៊ីនហួរ បានផ្សព្វផ្សាយថា កិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា-ថៃ បានធ្វើឡើងនៅទីក្រុងយូស៊ី ខេត្តយូណាន បានបញ្ចប់ដោយជោគជ័យ ដោយភាគីកម្ពុជានិងថៃ បានឯកភាពគ្នាលើ៥ទិដ្ឋភាពជាសំខាន់ៗ។
សារព័ត៌មានរដ្ឋចិនដែលយោងតាមសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំនោះ បានផ្សាយថា បន្ទាប់ពីកិច្ចប្រជុំត្រីភាគី កម្ពុជា និងថៃ បានឯកភាពគ្នាលើ៥ទិដ្ឋភាព ក្នុងនោះមាន ទី១) នឹងបង្កើនការទំនាក់ទំនងបន្ថែមទៀត, ធ្វើឲ្យការរយោគយល់គ្នាស៊ីជម្រៅជាងមុន, ពង្រឹងស្ថានភាពបទឈប់បាញ់ជាបណ្តើរៗ, ទី២) ស្តារការផ្លាស់ប្តូរគ្នាទៅវិញទៅមក ទី៣) កសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ទី៤) សម្រេចបានការផ្លាស់ប្តូរទំនាក់ទំនង និងទី៥) រក្សាសន្តិភាពក្នុងតំបន់។
ការឯកភាពគ្នានោះបានកើតឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី សម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែធ្នូ ក្រោយភាគីជម្លោះចុះហត្ថលេខាលើបទឈប់បាញ់កាលថ្ងៃទី២៧ខែធ្នូ ដើម្បីបើកផ្លូវទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូដែលបានចុះហត្ថលេខារួចកាលពីចុងខែតុលាឆ្នាំ២០២៥៕