រុស្ស៊ីចោទអ៊ុយក្រែនថាព្យាយាមវាយប្រហារផ្ទះពូទីន ខណៈក្តីសង្ឃឹមសន្តិភាពកំពុងរង្គោះរង្គើ
ភាពតានតឹងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានហក់ឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃចន្ទទី២៩ខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់អ៊ុយក្រែនថា បានបង្ហោះដ្រូនវាយប្រហារលើគេហដ្ឋានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅភាគខាងជើងប្រទេស ដែលទង្វើនេះត្រូវបានរុស្ស៊ីព្រមានថានឹងធ្វើឲ្យពួកគេ «ពិនិត្យឡើងវិញ» លើគោលជំហរក្នុងកិច្ចចរចាសន្តិភាព។
យោងតាមរ៉យទ័រ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា អ៊ុយក្រែនបានប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយចំនួន៩១គ្រឿង ដើម្បីវាយប្រហារលើភូមិគ្រឹះ Valdai ក្នុងតំបន់ Novgorod ចន្លោះថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែធ្នូ។ លោក Lavrov បានហៅសកម្មភាពនេះថាជា «ភេរវកម្មរដ្ឋ» ទោះបីជាលោកមិនបានបង្ហាញភស្តុតាងជាក់ស្តែង ហើយអះអាងថាដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយជោគជ័យក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាវាជា «ការភូតភរ»។ លោកបានលើកឡើងថា រុស្ស៊ីកំពុងតែបង្កើតលេសដើម្បីវាយប្រហារលើអគាររដ្ឋាភិបាលក្នុងទីក្រុងកៀវ និងដើម្បីបង្អាក់វឌ្ឍនភាពនៃកិច្ចចរចាសន្តិភាព ដែលលោកទើបតែបានពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ។
លោកត្រាំ បានបញ្ជាក់ថា លោកបានជជែកតាមទូរសព្ទជាមួយលោកពូទីន នៅព្រឹកថ្ងៃចន្ទ ហើយលោកពូទីន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណា លោកត្រាំ នៅតែមានជំនឿចិត្តថា កិច្ចព្រមព្រៀងសន្តិភាពអាចនឹងនៅជិតបង្កើយ។
បច្ចុប្បន្ន បញ្ហាដែនដីនៅតំបន់ Donbas និង Zaporizhzhia ក៏ដូចជាការធានាសន្តិសុខរយៈពេលវែងសម្រាប់អ៊ុយក្រែន នៅតែជាចំណុចចម្រូងចម្រាសបំផុតដែលមិនទាន់អាចដោះស្រាយបានក្នុងសំណើសន្តិភាព២០ចំណុចរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ៕