ព័ត៌មានអន្ដរជាតិ ប្រធានអាស៊ានឆ្នាំ២០២៦ ហ្វីលីពីន រំពឹងធ្វើការដោយភាពជោគជ័យ ដូចអាណត្តិមុនៗ
ប្រទេសហ្វីលីពីន បានចូលកាន់តំណែងប្រធានអាស៊ានឆ្នាំ២០២៦ជាផ្លូវការហើយ កាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៦ ដោយបន្តវេនពីម៉ាឡេស៊ី។
តាមការផ្សាយរបស់ The Star នៅថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦, អ្នកវិភាគជាច្រើនមើលឃើញថា ហ្វីលីពីន នឹងបន្តធ្វើការដោយភាពជោគជ័យឲ្យដូចប្រធានអាស៊ានអាណត្តិមុនៗ ដោយផ្តោតលើសសរស្តម្ភគោលទាំងបីរបស់ប្លុកនេះ រួមមាន៖ សន្តិភាពនិងសន្តិសុខ, វិបុលភាព និងការផ្តល់អំណាចដល់ប្រជាជន។
អ្នកវិភាគមួយចំនួនក៏លើកឡើងពីសារៈសំខាន់នៃនិរន្តរភាព ឯកភាព និងការចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយដៃគូខាងក្រៅ ចំពេលដែលមានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងផងដែរ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Bernama អគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានឲ្យដឹងថា មូលបទដែលហ្វីលីពីនបានជ្រើសរើសសម្រាប់អាណត្តិជាប្រធានរបស់ខ្លួនគឺ «តម្រង់ទិសអនាគតរបស់យើង រួមគ្នា» ដែលនេះឆ្លុះបញ្ចាំងពីតម្រូវការបន្តបន្ទាប់របស់តំបន់សម្រាប់សាមគ្គីភាព និងការចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយដៃគូខាងក្រៅ។
សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំចាស់ ប្រទេសម៉ាឡេស៊ីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការយ៉ាងច្រើននិងបំពេញកិច្ចការយ៉ាងស្វះស្វែងជាទីបំផុត ជាពិសេសការដោះស្រាយជាមួយអំពើឈ្លានពានរបស់ថៃលើកម្ពុជាតែម្តង។
លោកអាន់វ៉ា បានខិតខំទាំងថ្ងៃទាំងយប់ ទម្រាំបង្កើតឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ថ្ងៃ២៨កក្កដា រួចក៏ឈានដល់បង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ក្រោមការធ្វើជាសាក្សីផ្ទាល់ពីសំណាក់ប្រធានាធិបតីមហាអំណាចផុតលេខសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ខែតុលា៕