សម្តេចតេជោ ហ៊ុន សែន ក្នុងទិវា ៧ មករា៖ កម្ពុជា ស្រឡាញ់សន្តិភាព ប៉ុន្តែមិនធ្វើសម្បទានលើអធិបតេយ្យ

(ភ្នំពេញ)៖ នៅពេលដែលសម្លេងស្នូរអាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងរំលឹកឱ្យជាតិខ្មែរយល់ថា សន្តិភាពមិនមែនជាអំណោយដែលអាចទទួលបានដោយចៃដន្យ, សារមួយពីអតីតកាលក៏ត្រូវបានលើកឡើងវិញក្នុងទិវាជ័យជម្នះ ៧មករា។ សារនោះ មិនមែនជាការរំឭកប្រវត្តិសាស្ត្រដើម្បីដាស់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសំណួរយុទ្ធសាស្ត្រដ៏ត្រជាក់សម្រាប់បច្ចុប្បន្ន៖
តើកម្ពុជា អាចរក្សាសន្តិភាពបានយ៉ាងដូចម្តេច ដោយមិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដី?
ចម្លើយ៖ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៦នេះ។

ក្នុងទិវា ៧មករា សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនសារដ៏ច្បាស់មួយទៅកាន់ប្រជាជាតិ និងសហគមន៍អន្តរជាតិថា ស្មារតី ៧មករា មិនមែនជាការចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយុទ្ធសាស្ត្រដែលកម្ពុជា កំពុងប្រើប្រាស់ក្នុងការឆ្លើយតបនឹងសង្គ្រាម និងការរំលោភបំពានបច្ចុប្បន្ន ដោយជ្រើសរើសសន្តិភាព និងដំណោះស្រាយតាមច្បាប់អន្តរជាតិ ប៉ុន្តែមិនធ្វើសម្បទានលើអធិបតេយ្យ និងបូរណភាពទឹកដីឡើយ។

* ៧មករា មេរៀនរស់សម្រាប់ការការពារជាតិ

សម្រាប់កម្ពុជា, ៧មករា មិនមែនជាថ្ងៃរំឭកប្រវត្តិសាស្ត្រដើម្បីមើលតែទៅក្រោយនោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ជាតិនៅគ្រប់សម័យ។ ជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានសង្គ្រោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ដែលរបបប៉ុលពតនេះ បានបំផ្លាញជាតិដល់មាត់រណ្តៅនៃការរលាយសាបសូន្យ។

ក្នុងសារប្រកបដោយអត្ថន័យជ្រាលជ្រៅ សម្តេចតេជោបានរំឭកថា ថ្ងៃទី៧ ខែមករា ៤៧ឆ្នាំមុននេះ គឺជាថ្ងៃដែលបាន «សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ ហើយបើកឡើងនូវសករាជថ្មី»។ ការរំឭកនេះ មានន័យដ៏ជ្រាលជ្រៅ មិនត្រឹមតែជាស្មារតីចងចាំឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ និងការលំឱនកាយគោរពដល់ជនរងគ្រោះរាប់លាននាក់ប៉ុណ្ណោះទេ វាជាការរំលឹកដល់ជាតិខ្មែរថា ការភ្លេចអតីតកាលគឺការបើកទ្វារឱ្យគ្រោះថ្នាក់ថ្មីៗ វិលត្រឡប់ចូលមកវិញ និងដែលមានន័យដ៏ច្បាស់លាស់ថា ការភ្លេចអតីតកាលគឺស្មើនឹងការនាំគ្រោះថ្នាក់នាពេលអនាគត។

* សាមគ្គីភាពនិងអធិបតេយ្យ គឺជាខ្សែបន្ទាត់ដែលមិនអាចឆ្លងកាត់

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ការរស់រានមានជីវិតរបស់កម្ពុជា មិនមែនជាលទ្ធផលនៃការធ្វើសម្បទានឡើយ ប៉ុន្តែជាលទ្ធផលនៃសាមគ្គីភាពជាតិ និងការតស៊ូដើម្បីការពារអធិបតេយ្យ។ ស្មារតីនេះ មិនត្រឹមជាមេរៀនប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែបានក្លាយជាខឿនគំនិតសម្រាប់សម័យបច្ចុប្បន្ន ខណៈដែលកម្ពុជា កំពុងប្រឈមមុខនឹងការរំលោភបំពានព្រំដែន និងសកម្មភាពយោធាពីភាគីថៃ។

ក្នុងបរិបទនេះ សម្តេចបានចង្អុលបង្ហាញយ៉ាងត្រង់ថា សកម្មភាពវាយប្រហារលើទឹកដីកម្ពុជា និងលើគោលដៅស៊ីវិលគឺ «ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ» ហើយក្នុងពេលដំណាលគ្នាវាក៏ជា«ការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិ ក្នុងការការពារជនស៊ីវិល ទ្រព្យសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក» អំពើដែលកម្ពុជា មិនអាចទទួលយក ឬអត់ឱនឱ្យបានឡើយ។

លើមូលដ្ឋាននៃការព្រមាននេះ សាររបស់សម្តេចតេជោ បានបញ្ជាក់ស្នូលសីលធម៌ និងប្រវត្តិសាស្ត្រយ៉ាងច្បាស់ថា៖ «យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយ ដែលអ្នករំលោភបំពាន បានប្រព្រឹត្តមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។

អត្ថន័យនៃសម្តីដ៏មានខ្លឹមសារនេះ មិនមែនជាការរំឭកដើម្បីបង្កអារម្មណ៍ស្អប់ខ្ពើមឡើងវិញទេ ប៉ុន្តែជាការកំណត់ខ្សែបន្ទាត់ក្រហមរបស់ជាតិ ថាសាមគ្គីភាព និងអធិបតេយ្យ គឺជាគ្រឹះនៃការរស់រានមានជីវិតរបស់កម្ពុជា ដែលមិនអាចមានការធ្វើសម្បទាន ឬមិនអាចឆ្លងកាត់បានឡើយ។

* សន្តិភាពដោយច្បាប់ មិនមែនសន្តិភាពដោយការបង្ខំ

ទោះស្ថិតក្រោមសម្ពាធយោធា កម្ពុជានៅតែជ្រើសរើសផ្លូវសន្តិភាពមិនមែនដោយភាពខ្សោយ ប៉ុន្តែដោយការយល់ដឹងច្បាស់អំពីតម្លៃនៃសង្គ្រាម និងសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរអត់ធ្មត់ប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ សម្តេចតេជោ បន្តថាការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា មិនមែនជាសេចក្តីសន្យាទទេឡើយ ប៉ុន្តែជាភស្តុតាងជាក់ស្តែងថា កម្ពុជា ស្រឡាញ់សន្តិភាព និងគោរពនីតិរដ្ឋអន្តរជាតិយ៉ាងពិតប្រាកដ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «សហគមន៍អន្តរជាតិ ដែលតែងតែផ្តល់តម្លៃខ្ពស់ ចំពោះសន្តិភាព មនុស្សធម៌ នីតិរដ្ឋ និងវិបុលភាព បានជំរុញយ៉ាងសកម្មដល់ការខិតខំដោះស្រាយជម្លោះ និងការកំណត់ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការជំរុញអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ»

បន្ទាប់ពីការចរចាដែលអមដោយភាពអត់ធ្មត់ និងការគោរពគ្នាទៅវិញទៅមក សម្តេចតេជោបានបញ្ជាក់ក្នុងចំណុចនេះថា «កម្ពុជា និងថៃ បានឯកភាពអនុវត្តបទឈប់បាញ់ភ្លាម នៅនឹងកន្លែង ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ តទៅ…»

ការឯកភាពបទឈបបាញ់ ដែលសម្រេចឡើងតាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរ មានការតាំងចិត្តវិលត្រឡប់ទៅរកការសន្ទនាតាមយន្តការទ្វេភាគី និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ឈប់អរិភាពគ្រប់ទម្រង់ និងស្ថាបនាសន្តិភាព ដែលមានលក្ខណៈពិតប្រាកដ និងចីរភាព។

ប៉ុន្តែនៅជាមួយគ្នានេះ សាររបស់សម្តេចតេជោក៏ច្បាស់លាស់ដូចគ្នាថា សន្តិភាពដែលកើតឡើងពីការបង្ខំ ឬការធ្វើសម្បទានលើអធិបតេយ្យ មិនមែនជាសន្តិភាពពិតប្រាកដឡើយ។ សន្តិភាពពិត ត្រូវផ្អែកលើការគោរពច្បាប់អន្តរជាតិ ការគោរពព្រំដែនស្របច្បាប់ និងការគោរពគ្នាទៅវិញទៅមក។ ដូចដែលសម្តេចបានបញ្ជាក់យ៉ាងមុតមាំថា «កម្ពុជា នឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»

* សារទៅសហគមន៍អន្តរជាតិ

តាមរយៈទិវា ៧មករា សម្តេចតេជោ បានផ្ញើសារដ៏ច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា មិនមែនជាភាគីបង្កសង្គ្រាមទេ ប៉ុន្តែជាប្រទេសដែលកំពុងការពារគោលការណ៍សកល នៃអធិបតេយ្យ នីតិរដ្ឋ និងសន្តិភាព។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអាស៊ាន ដែលបានជួយសម្របសម្រួលដំណោះស្រាយសន្តិភាព ដែលជាការបង្ហាញថា ជំហរកម្ពុជា ស្ថិតលើមូលដ្ឋានត្រឹមត្រូវ និងមានភាពស្របច្បាប់ជាអន្តរជាតិ។

សាររបស់សម្តេចតេជោ បានសរសេរថា «កម្ពុជាសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគ្រប់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ានក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ានដែលបានជួយជ្រោមជ្រែង និងចូលរួមសកម្មក្នុងការស្វែងរកដំណោះ ស្រាយសន្តិភាពនេះ តាំងពីការរៀបចំបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន»

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់តឿនថា ទិវា ៧មករា មិនមែនដើម្បីរំឭកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបញ្ជាក់ជំហររបស់កម្ពុជា ចំពោះបច្ចុប្បន្ននិងអនាគត។ ស្មារតី ៧មករា បានក្លាយជាគ្រឹះយុទ្ធសាស្ត្រសម្រាប់ការការពារជាតិ ស្រឡាញ់សន្តិភាព ប៉ុន្តែមិនធ្វើសម្បទានលើអធិបតេយ្យ។ នេះជាសារដ៏ច្បាស់ថា កម្ពុជា ជ្រើសរើសសន្តិភាព ដោយសារកម្ពុជាដឹងតម្លៃនៃសង្គ្រាម ប៉ុន្តែកម្ពុជាក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យនិងសេចក្តីថ្លៃថ្នូរជាតិ ព្រោះប្រវត្តិសាស្ត្រ បានបង្រៀនយើងរួចហើយថា សន្តិភាពដែលបាត់បង់អធិបតេយ្យ មិនមែនជាសន្តិភាពពិតប្រាកដឡើយ៕

អត្ថបទដែលជាប់ទាក់ទង