ថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអាកាស ក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន២៧គ្រឿង

នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអាកាស ក្នុងដែនអធិបតេយ្យរបស់កម្ពុជាចំនួន២៧គ្រឿង ក្នុងនោះបង្ហោះចូលខេត្តព្រះវិហារ២៥គ្រឿង និងខេត្តពោធិ៍សាត់២គ្រឿង។ ក្រសួងមហាផ្ទៃបញ្ជាក់ដូច្នេះក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពក្រោយបទឈប់បាញ់គិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី៧ ដល់ម៉ោង៦ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

តាមក្រសួងមហាផ្ទៃ ថៃបានបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ចាប់តាំងពីយប់ថ្ងៃទី៥ ខែមករា មកម៉្លេះ ក្នុងនោះ ថៃបានបង្ហោះដ្រូនស៊ើបការណ៍១គ្រឿង រំលោភចូលទឹកដីកម្ពុជានៅភូមិសាស្ត្រខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង។ បន្ទាប់មក នៅយប់ថ្ងៃទី៦ ខែមករា ថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង ហោះចេញពីមុខភូមិសាស្ត្រច្រកផ្លូវ៥៦ និង២គ្រឿង ផ្សេងទៀត ហោះកាត់ភូមិសាស្ត្រអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្ដីប្រកាសព័ត៌មានអះអាងថា ក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្នាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។

ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ គឺភាគីទាំងពីរបានឯកភាពមិនធ្វើសកម្មភាពបង្ហហេតុណាមួយដែលនាំឱ្យមានភាពតានតឹងរាប់ចាប់ពីសកម្មភាពយោធាបំពានចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតឡើយ គិតចាប់ពីមានបទឈប់បាញ់។

ភាគីកម្ពុជា បានដាក់ចេញវិធានការហាមការបង្ហោះដ្រូនគ្រប់ប្រភេទនៅតាមបណ្ដោយខេត្តជាប់ព្រំដែនជាមួយភាគីថៃ និងបានព្រមានចាត់វិធានការច្បាប់ចំពោះជនណាដែលល្មើស និងបើកឱ្យផ្លូវអង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំងដ្រូន (Anti-Drone System)៕

 

អត្ថបទដែលជាប់ទាក់ទង