កម្ពុជា និងឡាវ គូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកយោធា
កងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវទៅលើវិស័យយោធា។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងជំនួបជាមួយប្រធានការិយាល័យអនុព័ន្ធយោធាឡាវ ដែលត្រូវផុតអាណត្តិការងារនៅកម្ពុជា។
នៅក្នុងជំនួបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក៏បានបង្ហាញវត្តមានប្រធានការិយាល័យអនុព័ន្ធយោធាឡាវថ្មី គឺលោកវរសេនីយ៍ឯក ឡាត់សាក់ឃុន វង្សភោស៊ី ផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលតែងផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ក៏ដូចជាការផ្តល់អាហារូបករណ៍ ផ្លាស់ប្ដូរព័ត៌មានចារកម្មទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា។
កិច្ចសហប្រតិបត្តិការយោធានេះ លោកអគ្គមេបញ្ជាការ ថា ទៅថ្ងៃអនាគតកងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកឱ្យកាន់តែទូលំទូលាយ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មាន កិច្ចការសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។
លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ប្រធានការិយាល័យអនុព័ន្ធយោធាឡាវ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរពេលកន្លងមកមានភាពល្អប្រសើរ ក្នុងនោះកិច្ចប្រជុំគណៈកម្មការសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ បានដំណើរការល្អ ជាស្ពាននៃចំណងសាមគ្គីភាព មិត្តភាព ក្នុងនាមប្រទេសជិតខាង ជាអំណោយផលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រជាពលរដ្ឋប្រទេសទាំងពីរ។
ជាការចាប់អារម្មណ៍នោះ លោក វង្ស ពិសេន ក៏បានប្រាប់ភាគីឡាវពីបច្ចុប្បន្នភាព និងការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
