ជប៉ុនផ្តល់ថវិកាជិត៣២ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងខេត្តក្រចេះ
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាម៉េរិក ដល់អង្គភាពទទួលជំនួយចំនួន មួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែកុម្ភៈ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដែលជាអ្នកអនុវត្ត«គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា»។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា សរសេរក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះថា៖«គម្រោងនេះមានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងខេត្តក្រចេះ ដែលអាចឱ្យអ្នកជំងឺទទួលបានការព្យាបាលវះកាត់ទាន់ពេលវេលា និងសមស្រប។ ចំនុចសំខាន់ៗរបស់គម្រោងរួមមានការពង្រឹងជំនាញរបស់បុគ្គលិកពេទ្យ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកន្លែងថែទាំសុខភាពក្នុងស្រុក និងការតម្លើងឧបករណ៍វះកាត់នៅមន្ទីរពេទ្យខេត្តក្រចេះ។»។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ជប៉ុនចាប់ផ្ដើមផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជាតាំងពីឆ្នាំ២០០២ មកម៉្លេះ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីននៅកម្ពុជា។
គួរឱ្យដឹងដែរថា កម្ពុជា និងជប៉ុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ដែលគិតមកទល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងប្រទេសទាំងពីរឈានដល់ខួប៧៣ឆ្នាំហើយ។ ថ្នាក់ដឹកនាំកម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងការទូតទ្វេភាគីទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅដើមឆ្នាំ២០២៣ ចំគ្រាដែលទំនាក់ទំនងប្រទេសទាំងពីរគ្រប់អាយុ៧០ឆ្នាំគត់៕
