ផ្នែកឯកជន និងដៃគូពាក់ព័ន្ធ ចូលរួមជាមួយក្រសួងបរិស្ថាន លើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទទួលធុងញែកសំរាម សរុបចំនួនមួយរយឈុត ដោយមួយឈុត មាន៣ធុង របស់ក្រុមហ៊ុន Leader Energy Group Berhad ដែលមានក្រុមហ៊ុន Cambodian Transmission Limited ជាបុត្រសម្ព័ន្ធ។ សម្រាប់ចែកជូនបន្តដល់រដ្ឋបាលក្រុង-ស្រុក នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ដើម្បីដាក់នៅតាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមផ្សារ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមពីផ្នែកឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ បានលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងការកែច្នៃសំរាម ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា តាមផែនការនៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាននឹងផ្តល់ ធុងសំរាមឲ្យបានចំនួន៣ម៉ឺនទៅ៤ម៉ឺនធុងបន្ថែមទៀត យកទៅចែកជូនសាលារៀន មណ្ឌលសុខភាព និងវត្តអារាម នៅទូទាំងប្រទេសកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួនជាង១ម៉ឺនធុងរួចរាល់ហើយ ទៅកាន់ខេត្តចំនួន៦នៅកម្ពុជា។

សូមបញ្ជាក់ថា ការចែកធុងសំរាមទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីផ្សារ ដែលជួយជំរុញឱ្យសកម្មភាពនៃយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក និងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅភាពស្អាត ភាពបៃតង និងចីរភាព តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង