ឃាត់ខ្លួនជនជាតិវៀតណាម ១៥នាក់ ក្រោយរកឃើញលួចមកស្នាក់នៅខុសច្បាប់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តចុះរដ្ឋបាលរកឃើញជនជាតិវៀតណាម ១៥នាក់ ស្នាក់នៅដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។ ការចុះរដ្ឋបាលត្រួតពិនិត្យនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០១រសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះល្វែង ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកម្លាំងជំនាញបានអោយដឹងថា ការចុះត្រួតពិនិត្យលើជនបរទេសនេះអនុវត្តន៍តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាអោយគណៈអភិបាលទាំង ១៤ខណ្ឌ និងអធិការទាំង ១៤ខណ្ឌ ត្រូវបន្ថែមល្បឿនអោយកាន់តែលឿនលើការចុះរដ្ឋបាលចំពោះទីតាំងមានជនបរទេសស្នាក់នៅ និងបង្រ្កាបទីតាំងដែលសង្ស័យបង្កប់ ស្កេមអនឡាញ ក៏ដូចជាកន្លែងរក្សាទុក ឬប្រើប្រាស់គ្រឿងញៀន ដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្តែងនៅចំណុចផ្ទះល្វែង ផ្លូវ១១៤ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កម្លាំងជំនាញ បានចុះរដ្ឋបាល និងត្រួតពិនិត្យរកឃើញ ជនជាតិវៀតណាមចូលមកស្នាក់នៅខុសច្បាប់ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ចំនួន១៥នាក់(ប្រុស) ។ តាមការសួរនាំជាបឋម ជនជាតិវៀតណាមទាំងនេះមកពីព្រំដែនវៀតណាម តាមច្រកបាវិត ហេីយទេីបចូលមកស្នាក់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទើបតែបាន២យប់ប៉ុណ្ណោះ។
បច្ចុប្បន្ន ជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕
