តំបន់​​ផ្សារ​ទួល​ទំពូង នឹងក្លាយជាទីតាំង​«​ចូលឆ្នាំ»មួយ នៃព្រឹត្តិការ​ណ៍នគរសង្រ្កាន្ត

ភ្នំពេញ៖ តំបន់​ផ្សារទួល​ទំពូង និងផ្លូវ១៥៥ ​ក៏​ត្រូវ​បាន​ជ្រើសរើស ជាទីតាំងសម្រាប់ការរៀប ចំ​ព្រឹត្តិការណ៍«នគរសង្រ្កាន្ត»ដែរ ក្រៅ​ពីតំបន់​​សំខាន់ៗផ្សេងទៀត ដូចជា​រមណីយដ្ឋាន​វត្ត​ភ្នំ ផ្លូវ​ថ្មើរជើង​ចតុមុខ ​បរិវេណសួនច្បារវឌ្ឍនៈ ដល់​ផ្សារ​រាត្រី,​ បរិវេណសួនច្បារវត្តបទុមវតី និងផ្លូវបាសាក់។

ក្រុម​ការងារ​រៀបចំ​ព្រឹត្តិការណ៍​នគរសង្រ្កាន្ត បាន​ប្រាប់សារព័ត៌មាន ​ThmeyThmey ថា ប្រជា​ពលរដ្ឋនិង​ហាង​ប្រកប​អាជីវកម្ម​លើ​ផ្លូវ​នោះ បាន​បង្ហាញ​ការ​គាំទ្រ និង​រីករាយ ចំពោះ​ការ​ជ្រើសរើស និងរៀបចំ​ផ្លូវ​ដ៏មមាញឹក​មួយនេះ សម្រាប់ថ្ងៃចូលឆ្នាំ។

តាមផែនការ​ ផ្លូវ​លេខ​១៥៥ នឹង​ក្លាយជា​ផ្លូវ​ថ្មើរជើង​ចាប់ពី​ម៉ោង​២រសៀល ដល់​ម៉ោង​១០ យប់ ដែល​មាន​កម្ម​វិធី​កម្សាន្ត​សប្បាយជាច្រើន​នៅលើ​ផ្លូវនេះ។ ​​ក្រុមការងាររៀបចំព្រឹត្តិ ការណ៍ នគរសង្ក្រាន្តបញ្ជាក់ដូច្នេះ ដោយបន្ថែមថា៖ «​ចំណុច​ពិសេស​ យើង​នឹង​រៀបចំ​​តំបន់នោះ ឱ្យ​ក្លាយជា​ផ្លូវ​ថ្មើរជើង ដែល​ពលរដ្ឋ​អាច​ដើរកម្សាន្ត​បាន​ ដោយរៀបចំ​ភ្លើង និង​ផ្កា ឱ្យមាន​ភាព​រស់រវើក»។

សម្រាប់​ទីតាំង​ជុំ​វិញ​ផ្សារ​ទួលទំពូង និង​ផ្លូវ​លេខ​១៥៥នេះ ក៏មាន​ការ​លេងល្បែង​ប្រជាប្រិយ, ល្បែង​កម្សាន្ត​ជាមួយ​ហាង​អាជីវកម្ម​នៅតំបន់​នោះ ជាពិសេស​ការ​ប្រគំតន្រ្តី​ខ្នាត​តូចផងដែរ ។ តាម​ផែនការ ក្រុម​ការងាររៀបចំ នឹង​ចុះ​មក​តុបតែង​តំបន់នេះ​នៅដើមខែមេសា ដើម្បី​ឱ្យទីតាំង​ជុំវិញ​ផ្សារ​ទួល​ទំពូង និង​លើ​ផ្លូវ​លេខ១៥៥ កែង​៤៧០​ ​ដែលជាផ្នែកមួយនៃ ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ក្លាយជាតំបន់ចូលឆ្នាំដ៏អ៊ូអរ។

មុនការងារតុបតែងចាប់ផ្តើមឡើង លោក​ ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​ចុះជួប​សំណេះសំណាល​ ជាមួយ​អាជីវករ​លក់​ដូរ​នៅ​ជុំ​វិញ​ផ្សារ​ទួល​ទំពូង​​ដែរ​កាលពីព្រលប់ថ្ងៃទី១៨ ខែមីនា។ តាមរយៈសំណេរលើទំព័រ​ហ្វេសប៊ុកប្រធាន ស.ស.យ.ក.  បានសម្តែងក្តីរីករាយ ដែលខ្លួននិងក្រុមការងារ ទទួលបាន​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និង​មនោសញ្ចេតនា ពីបងប្អូនអាជីវករ​ និងប្រជាពលរដ្ឋ​ នៅ​ផ្សារទួលទំពូង​ និងតា​មដងវិថី១៥៥​ និង៤៥០។

​សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រយៈ​ពេល៦ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ដើម្បីអបអរពិធី​បុណ្យចូលឆ្នាំ​ប្រពៃ​ណីជាតិខ្មែរ។ បើតាមលោក ហ៊ុន ម៉ានី ព្រឹត្តិការណ៍នេះ មិន​ត្រឹម​តែ​អបអរសាទរទំនៀម​ទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ តែជាការពង្រឹងអត្តសញ្ញាណជាតិ តាមរយៈពិធីសាសនា ម្ហូបអាហារ ល្បែងប្រជាប្រិយ និង​កម្មវិធីវប្បធម៌នានា៕

អត្ថបទដែលជាប់ទាក់ទង