អាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍សមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត នាពេលខាងមុខ

អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនាខាងមុខ។ ប៉ុន្តែភ្ញៀវជាតិ និងអន្តរជាតិអាចអញ្ជើញមកគយគន្ធថ្ងៃរះ នៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថា នឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាបានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។

​​​គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រីតែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕

អត្ថបទដែលជាប់ទាក់ទង