លោក ដូណាល់ ត្រាំ បើកក្បាលសុន្ទរកថាជាមួយការអះអាងពីជ័យជម្នះមហាអស្ចារ្យ ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកដោយចាប់ផ្ដើមដំបូង ជាមួយការអះអាងពីជ័យជម្នះមហាអស្ចារ្យនៅក្នុងសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ៤សប្ដាហ៍មកនេះ កងកម្លាំងរបស់យើងបានទទួលជ័យជម្នះយ៉ាងពិតប្រាកដ និងមហាអស្ចារ្យនៅលើសមរភូមិ ជាជ័យជម្នះមួយដែលមនុស្ស មួយចំនួនមិនធ្លាប់បានឃើញពីមុនមក»។ លោក ត្រាំបន្ថែមថាកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ រីឯមេដឹកនាំរបស់អ៉ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ខណៈទីបញ្ជាការ និងការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កំពុងត្រូវបានបំផ្លាញ។
បើតាមលោក ត្រាំ សមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ត្រូវបានកាត់បន្ថយយ៉ាងសម្បើម។ ក៏ប៉ុន្តែខុសពីលោក ត្រាំ បានអះអាង អ៉ីរ៉ង់មកទល់នឹងម៉ោងនេះនៅតែបន្តបាញ់មីស៊ីល និងដ្រូន លើអ៉ីស្រាអែល និងនៅទូទាំងតំបន់ឈូងសមុទ្រ៕