គណៈបញ្ជាការឯកភាពរាជធានីចុះឆែកឆេរទីតាំងមួយកន្លែងនៅខណ្ឌសែនសុខ សង្ស័យបង្កប់បទល្មើស Online Scam

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរបង្ក្រាបទីតាំងមួយកន្លែងចំណុចដីឡូតិ៍ ភូមិស្លែង រលេីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្ស័យបង្កប់បទល្មើស Online Scams ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិច្បាប់ដោយតំណាងអយ្យការផងដែរ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកោសល្យវិច្ច័យត្រួតពិនិត្យ ដើម្បីកំណត់ឲ្យបានជាក់លាក់លើក្រុមជនបរទេសនៅចំណុចទីតាំងខាងលើ ថាមានការពាក់ព័ន្ធនឹងបទល្មើស Online Scams ឬទេ ខណៈវត្ថុតាង និងមនុស្សកំពុងឋិតក្នុងការសង្ស័យពីសំណាក់មន្ត្រីជំនាញ។

ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងគណៈបញ្ជាការឯកភាព បានរកឃើញជនបរទេសសរុប ២០នាក់ (ស្រី ០២ នាក់) មាន០២សញ្ជាតិ ក្នុងនោះចិន១៩នាក់ , គីជីស្ថាន០១នាក់ ) ដោយរកឃើញវត្ថុតាងពាក់ព័ន្ធរួមមាន All in one មួយចំនួន ទូរស័ព្ទដៃមួយចំនួន ស៊ីមកាតអន្តរជាតិមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង