លោក ដូណាល់ ត្រាំ ព្រមានថាអ៉ីរ៉ង់សល់ពេល៤៨ម៉ោងទៀត ដើម្បីស្វែងរកកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែអ៉ីរ៉ង់ហាក់មិនខ្វល់
(វ៉ាស៉ីនតោន)៖ យោធាអ៉ីរ៉ង់បានទាត់ចោលឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃសៅរ៍ ទី៤ ខែមេសា បានគំរាមថា នឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុត លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានារបស់ប្រទេសអ៉ីរ៉ង់ ប្រសិនបើនៅតែមិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ក្នុងរយៈពេល៤៨ម៉ោងខាងមុខទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា អ៉ីរ៉ង់នៅសល់ពេល៤៨ម៉ោង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនត្រូវប្រឈមមុខជាមួយផលវិបាកធ្ងន់ធ្ងរបំផុត។ សារនោះគឺជាការរំលឹកឡើងវិញ នៃឱសានវាទរយៈពេល ១០ថ្ងៃដែលលោកបានដាក់ចេញចំពោះអ៉ីរ៉ង់កាលពីខែមុន។ យ៉ាងណាមិញ អ្នកនាំពាក្យទីបញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បានចេញមុខចាត់ទោល ការព្រមានរបស់លោក ត្រាំ ដោយនិយាយថា វាគឺជាសកម្មភាពដ៏អស់សង្ឃឹមមួយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានប្រកាសថា រូបលោកសម្រេចបន្តពន្យារពេលផ្អាកវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ រហូតដល់ថ្ងៃទី៦ ខែមេសា។ លោកប្រធានាធិបតីអាមេរិក បានអះអាងថា ការសម្រេចចិត្តយ៉ាងដូច្នោះ គឺតបតាមសំណើរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ហើយកាលពីពេលនោះ លោកបានបន្ថែមថា ការចរចាប្រព្រឹត្តទៅយ៉ាងប្រសើរ៕