ចោរលួចរថយន្តពីស្រុកពាមរក៏ ខេត្តព្រៃវែង អ្នកទទួលផលចោរកម្ម និងបក្ខពួកសរុប៤នាក់ ត្រូវកម្លាំងនគរបាលបង្ក្រាបនៅស្រុកគងពិសី
(កំពង់ស្ពឺ)៖ ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ក្រោមការបញ្ជាការលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦។
ចោរលួចរថយន្តនៅស្រុកពាមរក៏ ត្រូវនគរបាលខេត្តព្រៃវែង ដឹកមកចង្អុលបង្ហាញកន្លែងទទួលផលចោរកម្ម និងមុខសញ្ញានៅឃុំមហាឬស្សី ស្រុកគងពិសី។
ក្នុងប្រតិបត្ដិការកំលាំងសមត្ថកិច្ចធ្វេីការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម(យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវប្រជាពលរដ្ឋចំរុះរួមជាមួយអ្នកធ្វេីដំណេីរបានមកឈរមេីលផ្អេីលឈួរឆរនិងបានធ្វេីសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនអោយសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន ៣នាក់ រួមមាន៖
១- ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម
២- ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង
៣- ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង
ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដេីម្បីការពាររារាំងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕
