សហរដ្ឋអាមេរិក ប្រើយន្ដហោះយោធាច្រើនជាង ១៧០គ្រឿង ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំង ដែលអ៉ីរ៉ង់បាញ់ទម្លាក់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថាយន្ដហោះយោធាអាមេរិកច្រើនជាង ១៧០គ្រឿង ត្រូវបានប្រើប្រាស់នៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតយន្ដហោះចម្បាំងមួយគ្រឿងដែលត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថាយន្ដហោះ ២១គ្រឿងត្រូវបានប្រើនៅក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុត ទី១ និង១៥៥គ្រឿងត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្រ្គោះពីឡុតទី២។ លោក ត្រាំ បន្ថែមថាយន្ដហោះយោធាដឹកជញ្ជូន២គ្រឿងបានជាប់ផុងក្នុងខ្សាច់ ហើយ យោធាអាមេរិកបានសម្រេចចិត្តបំផ្ទុះកម្ទេចយន្ដហោះទាំង២គ្រឿងនេះចោល ប្រសើរជាងទុកឱ្យធ្លាក់ក្នុងដៃអ៉ីរ៉ង់។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន យន្តហោះចម្បាំងអាមេរិក F-15E ១គ្រឿង ត្រូវបានអ៉ីរ៉ង់បាញ់ទម្លាក់។ F-15E មានពីឡុតបញ្ជា២នាក់ ម្នាក់ជាពីឡុតខាងមុខ ជាអ្នកបើកយន្ដហោះ និងម្នាក់ទៀតអង្គុយកៅអីខាងក្រោយគឺជាអ្នកបញ្ជាលើប្រព័ន្ធអាវុធរបស់យន្ដហោះចម្បាំងនេះ។ F-15E អាចហោះក្នុងល្បឿន ៣០១៨គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចផ្ទុកគ្រាប់បែកទម្ងន់ ២០ ០០០ផោន ឬជាង ៩០៧១គីឡូម៉ែត្រ។
អ៉ីរ៉ង់វិញបានអះអាងថាពួកគេបានកម្ទេចយន្ដហោះ C-130 ២គ្រឿងរបស់សហរដ្ឋអាមេរិក រួមទាំងឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿង ក្នុងខេត្ត Isfahan ជាទីដែលប្រតិបត្តិការជួយសង្រ្គោះត្រូវបានធ្វើឡើង៕
