ក្រុមអនុព័ន្ធយោធាបរទេស បានចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី និងច្រកជ័យជំនះទី ដែលថៃដាក់ទូកុងតឺន័រ និងបន្លាលួស
ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានចុះសង្កេតការណ៍ នៅតំបន់ អូរភ្លុកដំរី និងនៅច្រកជ័យជំនះ ទីតាំងដែលយោធាថៃដាក់ទូកុងតឺន័រ និងបន្លាលួស ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដោយឡែកពីគ្នា របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសានេះ។
នេះគឺជាទស្សនកិច្ចជាលើកទី២ ទៅកាន់តំបន់ព្រំដែន នៅឆ្នាំនេះ របស់MACPPប្រចាំ កម្ពុជា។ បើតាមលោកស្រី ម៉ាលី សុជាតា ក្នុងបេសកកម្មនេះ MACPP ប្រចាំកម្ពុជា បាន ចុះសង្កេតការណ៍មុនគេ នៅតំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ នៅម៉ោង១២ និង៥៤នាទី រសៀល ថ្ងៃទី២៨ ខែមេសានេះ។
បន្ទាប់ពីតំបន់អូរភ្លុកដំរី ក្រុមអនុព័ន្ធយោធាបរទេស នៅម៉ោង១និង៣៥នាទីរសៀល បានបន្តចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោកស្រី ម៉ាលី សុជាតា បានស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួម ចុះពិនិត្យនិងសង្កេតការណ៍ផ្ទាល់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។
លោកស្រី ម៉ាលី សុជាតា សង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរក ប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
