គិត​ត្រឹម​ចុង​ខែមេសា ឆ្នាំ ២០២៦ គម្រោង​សាង​សង់​​ចំណត​ផែទឹកជ្រៅ​ខេត្ត​ព្រះសីហនុសម្រេច​បាន ៦៧%

រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់ចំណត​ផែកុងតឺន័រ​ទឹកជ្រៅ​​ខេត្ត​ព្រះសីហនុ​សម្រេចបាន​ប្រហែល​ ៦៧% នៃផែនការគ្រោងទុក។ នេះបើតាម​របាយការណ៍​កិច្ចប្រជុំប្រចាំខែមេសាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែល​ធ្វើឡើង​ក្រោម​វត្តមានលោក លោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស និង​ក្រុមហ៊ុនសាងសង់ TOA Corporation កាលពីថ្ងៃម្សិលមិញនេះ​។

លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុបានបើកកិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍​ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សា​គម្រោង Nippon Koei & Oriental Consultant Global JV។

បើតា​មន្រ្តី​កំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ វឌ្ឍនភាពការងារសាងសង់ចំណតផែ​កុងតឺន័រ​ទឹកជ្រៅ​ជំហានទី ១ ដែលមានជម្រៅ ១៤,៥ ម៉ែត្រ ​សម្រេចបាន ៦៧% ខណៈ​តាមផែនការគ្រោង​បញ្ចប់​ការ​សាង​សង់​​​នៅ​​ឆ្នាំ ២០២៧ លឿន​ជាង​ផែនការ។

រដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា​។

ខណៈកំពង់ផែទឹកជ្រៅជំហានទីមួយ​គ្រោង​បញ្ចប់​តាមផែនការ កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ​ជំហាន​ទី​២ ​ក៏​គ្រោង​ចាប់ផ្ដើម​​សាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះ។

​លោក លូ គឹមឈន់ ​​ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន​ឲ្យ​ដឹង​ថា «កំពង់ផែទឹកជ្រៅជំហានទី២ ដែលមាន​ជម្រៅទឹក ១៩,៥ ម៉ែត្រ ​កំពុងដាក់ដេញថ្លៃ ​ខែ ៦ ឬខែ ៧ ចាប់ផ្ដើមសាងសង់ ​ហើយជំហានទី៣ ​កំពុងគូរប្លង់លម្អិតរួចហើយ ​រៀបចំឯកសារដាក់ដេញថ្លៃនៅចុងឆ្នាំនេះ»។

លោក លូ គឹមឈន់ បានបញ្ជាក់​ថា នៅឆ្នាំ ២០២៩ នៅពេល​​កំពង់ផែទឹកជ្រៅជំហានទី ២ បញ្ចប់​ការ​សាងសង់ កប៉ាល់នៅទូទាំង​ឥណ្ឌូប៉ាស៊ីហ្វិកពោលគឺកប៉ាល់ដែលបើកតាមសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា និងអាមេរិក​អាចចូល​ចត​បានដោយផ្ទាល់ ដែល​នឹង​កាត់បន្ថយថ្លៃដឹកជញ្ជូនបន្ថែម​​ទៀត ធ្វើឱ្យមាន​ការ​ទាក់ទាញវិនិយោគិន ​និង​ជំរុញការ​ធ្វើ​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច​។ ​

​​បច្ចុប្បកម្ពុជា​មានកំពង់ផែកុងតឺន័រប្រវែងជាង​ ៦៥៣ ម៉ែត្រ បើបូកបន្ថែមការ​សាងសង់​ទាំង​ ៣ ជំហាននេះទៀត នឹងឡើងដល់​ជា ២ ពាន់ម៉ែត្រ ​ខណៈរាជរដ្ឋាភិបាល​មានទិសដៅ​សាងសង់កំពង់ផែ​ជាបន្តបន្ទាប់​ឱ្យ​ដើរស្រប​នឹង​កំណើន​សេដ្ឋកិច្ច​។

ការ​អភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់​​កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​ទៅជាកំពង់ផែ​អន្តរ​ជាតិ​​​ខ្នាតធំ ​(Hub Port) ​ដែលអនុញ្ញាត​ឱ្យនាវាកុង​តឺន័រ​ធុនធំៗ​ មានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ​ដោយពុំមានឧបសគ្គលើជម្រៅទឹក​៕

អត្ថបទដែលជាប់ទាក់ទង